ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូអំពាវនាវ ឲ្យក្រុមសិទ្ធមនុស្ស នៅលោកខាងលិច ពិចារណាលើករណី ជុំវិញបញ្ហា ចាប់ខ្លួនស្ថាបនិក Telegram

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសួរថាតើក្រុមសិទ្ធិមនុស្សអន្តរជាតិ នឹងដាក់សម្ពាធលើប្រទេសបារាំង ចំពោះការចាប់ខ្លួនស្ថាបនិក Telegram និងជានាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov ហើយឬនៅ។

ការអំពាវនាវរបស់ភាគីរុស្សីធ្វើឡើង ដោយសារធ្លាប់មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ក្រុមអង្គការសិទ្ធមនុស្សទាំង នោះទៅលើប្រទេសរុស្ស៊ីកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលខ្លួនព្យាយាមគ្រប់គ្រង ប្រតិបត្តិការ របស់កម្មវិធីផ្ញើសារដ៏ល្បីមួយនេះ។

គួរឲ្យដឹងដែរថាសហគ្រិនរុស្ស៊ីរូបនេះ ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីថ្ងៃសៅរ៍ ហើយគ្រោងនឹងបង្ហាញខ្លួននៅតុលាការនៅល្ងាចថ្ងៃអាទិត្យ។
អាជ្ញាធរបារាំង ត្រូវបានគេរាយការណ៍ថា បានចេញដីកាចាប់ខ្លួន Durov ដោយលើកហេតុផលថា ការសម្របសម្រួលមិនគ្រប់គ្រាន់អនុញ្ញាតឱ្យ Telegram ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយឧក្រិដ្ឋជន។

Zakharova បានលើកឡើងអំពីប្រធានបទ Telegram កាលពីថ្ងៃអាទិត្យបានរំលឹកពីរបៀបក្នុងឆ្នាំ ២០១៨ ដែលក្រុមនៃអង្គការក្រៅរដ្ឋាភិបាលចំនួន២៨រួមទាំង Human Rights Watch, Amnesty International, Freedom House និង Reporters Without Borders បានថ្កោលទោសការសម្រេចចិត្តរបស់តុលាការរុស្ស៊ីក្នុងការបិទ Telegram នៅក្នុងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top