បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដី ពីសំណាក់ អតីតអ្នកធ្វើការឲ្យ CIA និងភ្នាក់ងារសន្តិសុខជាតិ លោក Edward Snowden ថាការឃុំខ្លួនស្ថាបនិក និងជានាយកប្រតិបត្តិ Telegram លោក Pavel Durov ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាមូលដ្ឋាន នៃការនិយាយស្តី។
បុរសដែលតែងតែបញ្ចេញ នូវព័ត៌សំងាត់ របស់អាមេរិក និងលោកខាងលិចរូបនេះ ក៏បានបន្ថែមដែរថា លោកមានការសោកស្ដាយជាខ្លាំង ចំពោះចំណាត់ការ របស់ប្រធានាធិបតីបារាំង Emmanuel Macronទៅលើស្ថាបនិក Telegram។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា សហគ្រិនបច្ចេកវិទ្យារុស្ស៊ីដែលកាន់សញ្ជាតិបារាំង អារ៉ាប់រួម ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីចុះចត នៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីថ្ងៃសៅរ៍ ហើយគ្រោងនឹងបង្ហាញខ្លួន នៅចំពោះមុខ ចៅក្រមនៅល្ងាច ថ្ងៃអាទិត្យម្សិលមិញផងដែរ។
អាជ្ញាធរបារាំងត្រូវ បានគេរាយការណ៍ថា បានចេញដីកាចាប់ខ្លួន Durov ជុំវិញការសម្របសម្រួល មិនគ្រប់គ្រាន់នៅលើ វេទិកា អនឡាញរបស់គាត់ ដែលត្រូវបានចោទ ប្រកាន់ថា បានអនុញ្ញាតឱ្យវាប្រើប្រាស់ យ៉ាងទូលំទូលាយ ដោយក្រុមឧក្រិដ្ឋជន។
លោកSnowdenបាននិយាយបែបនេះទៀតថា៖ខ្ញុំមានការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងដែលលោក Macron បានធ្លាក់ដល់កម្រិតនៃការចាប់ចំណាប់ខ្មាំងជាមធ្យោបាយមួយសម្រាប់ការទទួលបានទំនាក់ទំនងឯកជនដោយសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះ នឹងធ្វើឱ្យមានការថយចុះមិនត្រឹមតែប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី