ស៊ូវ៉ា ៖ ទីភ្នាក់ងារស្ទាបស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បានឲ្យដឹងថាមានគ្រោះរញ្ជួយដី មួយដែលមានកម្រិត៦,៩រ៉ិចទ័រ បានរញ្ជួយដែលមានចម្ងាយ៧២គីឡូម៉ែត្រស្ថិតនៅភាគខាងលិចនៃក្រុង Pangai ប្រទេសតុងហ្គា នៅវេលាម៉ោង១២និង២៩នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង០០និង២៩នាទីម៉ោង សកលនៅថ្ងៃចន្ទនេះ ។
នៅមិនទាន់មានសេចក្តីរាយការណ៍ណាម មួយបញ្ជាក់ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតអ្វីនៅឡើយទេ ។
ទីភ្នាក់ងារ USGS បានឱ្យដឹងថា ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះមានជម្រៅ១០៦.៧គីឡូម៉ែត្រ ដែលត្រូវបានកំណត់រយៈ ទទឹង១៩.៧៥៥ដឺក្រេស្ថិតនៅប៉ែកខាងត្បូង និងរង្វាស់១៧៥.០៤១ ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។
មជ្ឈមណ្ឌលព្រមានរលកយក្ស ស៊ូណាមិនៅមហាសមុទ្រប៉ាស៊ីហ្វិក មិនបានចេញការព្រមានអំពី រលកយក្សស៊ូណាមិ កើតឡើងភ្លាមៗទេ ដោយផ្អែកលើគ្រោះរញ្ជួយដីមួយនេះ ។
គេបានដឹងថា ប្រទេសកោះប៉ាស៊ីហ្វិក ដូចជា ហ្វីជី តុងហ្គា និងវ៉ានូអាទូ ស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកហៅថា “រង្វង់នៃអគ្គី” ដែលជាតំបន់រងនូវគ្រោះរញ្ជួយដី និងតំបន់ភ្នំភ្លើង ដែលបន្ទះទ្វីបប៉ះគ្នាបង្កើតឱ្យមានសកម្មភាពរញ្ជួយដីជាញឹកញាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា