សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់កូរ៉េខាងជើង ហៅកាត់ថា ( KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា កាលពីថ្ងៃសៅរ៍ មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានចុះត្រួតពិនិត្យមើល ពីការធ្វើតេស្តសមត្ថភាព យន្តហោះគ្មានមនុស្សបើកដែលរៀបចំឡើង ដោយវិទ្យាស្ថាន Drone នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ។
លោក គីម ជុងអ៊ុន អគ្គលេខាធិការ បក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋកូរ៉េខាងជើង បានទទួលព័ត៌មាន ដោយផ្ទាល់ដៃ អំពីយន្តហោះគ្មានមនុស្សបើក ដែលកំពុងត្រូវបានបង្កើតឡើង ដែលមានបំណងវាយប្រហារ កងកម្លាំងសត្រូវនៅលើដីគោក និងនៅលើសមុទ្រ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងអំឡុងពេល នៃការធ្វើតេស្តនេះដែរ យន្តហោះគ្មានមនុស្ស បើកប្រភេទផ្សេងៗ បានកំណត់អត្តសញ្ញាណបាន យ៉ាងត្រឹមត្រូវ និងបានបំផ្លាញ គោលដៅដែលបានកំណត់ ក្រោយពីធ្វើតាមផ្លូវហោះហើរ ដែលបានកំណត់ជាមុន នៃទីតាំងខុសៗគ្នានោះ ។
សេចក្តីរាយការណ៍បានដាក់ថា តាមការកត់សម្គាល់ឃើញថា ការអភិវឌ្ឍន៍ ប្រភេទយន្តហោះគ្មានមនុស្សបើកផ្សេងៗគ្នា និងការពង្រឹងសមត្ថភាព ប្រយុទ្ធរបស់ពួកគេបានដើរតួយ៉ាងសំខាន់ ក្នុងការរៀបចំសង្រ្គាម ហើយមេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការបង្កើនការអភិវឌ្ឍន៍ និងការផលិតយន្តហោះគ្មាន មនុស្សបើក ដោយជំរុញឱ្យមានការសាកល្បង កាន់តែខ្លាំងនៃកម្មវិធីប្រយុទ្ធរបស់ពួកគេ និងការបំពាក់គ្រឿងសព្វាវុធ យ៉ាងឆាប់រហ័សទៀតផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា