បរទេស ៖ ប្រតិបត្តិការ ជួយសង្គ្រោះកំពុងដំណើរការ បន្ទាប់ពីនាវារបស់កងទ័ពជើងទឹកម៉ាឡេស៊ីមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រ Johor កាលពីថ្ងៃអាទិត្យ (២៥ សីហា) ។ សមាជិកនាវិកទាំងអស់មានសុវត្ថិភាព។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កងនាវាចរម៉ាឡេស៊ី (TDLM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា កប៉ាល់ KD Pendekar បានលិចនៅម៉ោង ៣៖៥៤នាទីរសៀល ចម្ងាយពីរម៉ាយពីភាគអាគ្នេយ៍នៃ Tanjung Penyusop ក្នុងទីក្រុង Kota Tinggi ។
កងទ័ពជើងទឹកបានបន្ថែមថា សមាជិកនាវិកទាំង ៣៩ នាក់ត្រូវបានជួយសង្គ្រោះ មុនពេលដែលកប៉ាល់នេះត្រូវបានលិចទឹកទាំងស្រុង ហើយមិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។
កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុននេះបន្តិចថា កប៉ាល់នេះត្រូវបានគេជឿថាបានបុកវត្ថុមិនស្គាល់មួយ នៅក្រោមទឹក បណ្តាលឱ្យលេចធ្លាយធ្ងន់ធ្ងរ។
ការលេចធ្លាយនេះត្រូវបានគេរកឃើញដំបូង នៅក្នុងបន្ទប់ម៉ាស៊ីនរបស់កប៉ាល់ ដែលរីករាលដាលយ៉ាងឆាប់រហ័ស បើទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រង និងរក្សាលំនឹងនាវាក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា