ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រាប់បេឡារុស្ស ឱ្យដកទ័ពខ្លួន ចេញពីព្រំដែនរបស់ខ្លួន

Sputnik

បរទេស ៖ ក្រសួងការបរទេស អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបេឡារុសបានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅតាមព្រំដែន ដោយអ៊ុយក្រែន បានព្រមានទីក្រុង Minsk ប្រឆាំងនឹងការធ្វើ “កំហុសដ៏សោកសៅ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយលើកឡើងពីរបាយការណ៍ចារកម្ម ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា កងកម្លាំងប្រដាប់អាវុធបេឡារុស្សកំពុង “ប្រមូលផ្តុំបុគ្គលិកយ៉ាងច្រើន” រួមទាំងរថក្រោះ និងកាំភ្លើងធំ នៅក្នុងតំបន់ Gomel “ក្រោមរូបភាពនៃសមយុទ្ធ” ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា “វត្តមានរបស់ទាហានស៊ីឈ្នួលរបស់អតីតក្រុមទាហាន Wagner PMC ក៏ត្រូវបានកត់ត្រាផងដែរ” ។ ក្រសួងបានបន្ត ដោយអះអាងថា ការធ្វើសមយុទ្ធនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl “បង្កការគំរាមកំហែង ដល់សន្តិសុខជាតិ របស់អ៊ុយក្រែន និងសន្តិសុខ ពិភពលោកជាទូទៅ”។

ក្រសួងការបរទេសអ៊ុយក្រែនក៏បានព្រមានទីក្រុង Minsk (បេឡារុស្ស) “កុំឱ្យធ្វើកំហុសដ៏សោកនាដកម្ម” និងបានជំរុញឱ្យប្រទេសជិតខាង “បញ្ឈប់សកម្មភាពមិនរាក់ទាក់ និងដកកងកម្លាំងចេញពីព្រំដែនរដ្ឋអ៊ុយក្រែនទៅចម្ងាយឆ្ងាយជាងតំបន់ពិសេសនៃប្រព័ន្ធរបស់ប្រទេសបេឡារុស្ស” ។

ក្រសួងបានអះអាងដោយសង្កត់ធ្ងន់ថា អ៊ុយក្រែនរក្សាសិទ្ធិការពារខ្លួន ក្នុងករណីមានការវាយប្រហារ។

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko មុននេះ បានចោទប្រកាន់ក្រុងគៀវ ពីការបង្កើតយោធាដ៏គ្រោះថ្នាក់ ដោយអះអាងថា ក្រុងគៀវបានប្រមូលកងទ័ពជាង ១២០.០០០ នាក់នៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top