យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីស្រាអែលប្រហែល ១០០ គ្រឿងបានវាយប្រហារ និងបំផ្លាញចោលនូវគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា រាប់ពាន់គ្រាប់ ដែលត្រូវបាញ់បង្ហោះនៅភាគខាងជើង និងកណ្តាលអ៊ីស្រាអែលនៅថ្ងៃអាទិត្យម្សិលមិញនេះ។
IDF បានឲ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅលើតំបន់បាញ់បង្ហោះជាង ៤០ នៅភាគខាងត្បូងប្រទេសលីបង់ ដែលបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ដោយបន្ថែមថា កាំជ្រួចភាគច្រើនគឺសំដៅទៅលើភាគខាងជើងអ៊ីស្រាអែល ដោយខ្លះតម្រង់ឆ្ពោះទៅភាគកណ្តាលអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថា “អ្នកណាដែលធ្វើបាបយើង យើងនឹងធ្វើឱ្យពួកគេឈឺចាប់” ។
ទូរទស្សន៍ Kan TV របស់រដ្ឋអ៊ីស្រាអែល បានរាយការណ៍ថា ក្នុងអំឡុងពេលនៃការវាយប្រហារ មនុស្សម្នាក់បានស្លាប់នៅក្នុងទីក្រុង Khiam ភាគខាងត្បូងប្រទេសលីបង់។
សេវាជួយសង្គ្រោះ Magen David Adom របស់ប្រទេសអ៊ីស្រាអែល បានរាយការណ៍ថា ស្ត្រីម្នាក់នៅភាគខាងជើងអ៊ីស្រាអែល បានរងរបួសស្រាលដោយសារគ្រាប់ផ្លោង។ ខ្សែវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្ហាញថាផ្ទះលំនៅឋានមួយខ្នងនៅតំបន់ Acre ត្រូវបានគេវាយប្រហារនិងរងការខូចខាតយ៉ាងខ្លាំង៕
ប្រែសម្រួល ឈូក បូរ៉ា