ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ៥៣នាក់ ក្នុងពេលវាយប្រហារជាបន្តបន្ទាប់នៅក្នុងខេត្ត Balochistan ភាគនីរតីនៃប្រទេសប៉ាគីស្ថាន

Xinhua

ឥស្លាម៉ាបាដ៖ កាលពីថ្ងៃចន្ទ យ៉ាងហោចណាស់មានមនុស្សចំនួន ៥៣នាក់ រួមទាំងបុគ្គលិកសន្តិសុខ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារ ជាបន្តបន្ទាប់នៅក្នុងខេត្ត Balochistan ស្ថិតនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ។

អង្គការចាត់តាំង Balochistan Liberation Army ហៅកាត់ថា (BLA) ដែលបានអះអាងទទួលខុសត្រូវ ចំពោះការវាយលុកនោះ បានបើកការវាយប្រហារភ្លាមៗ នៅមុនពាក់កណ្តាលអធ្រាត្រ ដោយបន្តការវាយលុករហូតដល់ព្រឹកព្រលឹម ដោយប្រើកាំភ្លើង គ្រាប់បែកដៃ ការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយគ្រាប់បែកជាច្រើន ។

លោក Najeeb Kakar ជំនួយការស្នងការនៃតំបន់ខាងលើនេះ បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ការវាយប្រហារដ៏សំខាន់នេះ បានធ្វើឡើងនៅក្នុងស្រុក Musa Khel ក្នុងនោះអ្នកដំណើរចំនួន២៣នាក់ត្រូវបានសម្លាប់ ។

លោកបានលើកឡើងថា ភេរវករបានបិទផ្លូវហាយវេហ៍ដែលតភ្ជាប់ពី Balochistan ជាមួយខេត្ត Punjab ស្ថិតនៅភាគខាងកើតនៃស្រុក Musa Khel ដោយបានបញ្ឈប់រថយន្តជាច្រើនគ្រឿង និងត្រួតពិនិត្យអត្តសញ្ញាណអ្នកដំណើរ ។

លោកបានឲ្យដឹងទៀតថា “ជនរងគ្រោះទាំង ២៣នាក់ទាំងអស់មកពីរដ្ឋ Punjab និងបានធ្វើដំណើរទៅកាន់ Balochistan ដើម្បីធ្វើការ ត្រូវបានឲ្យចុះចេញពីយានជំនិះរបស់ពួកគេ ហើយតម្រង់ជួរនៅជិតផ្លូវហាយវេហ៍ ហើយត្រូវបានបាញ់សម្លាប់ចោល ។ ក្រុមសកម្មប្រយុទ្ធក៏បានធ្វើឱ្យខូចខាតយានយន្តចំនួន ២៤គ្រឿងផងដែរ ក្នុងអំឡុងពេលបិទផ្លូវ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top