ហាណូយ៖ កាលពីថ្ងៃចន្ទ ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៦,១ភាគរយក្នុងឆ្នាំ២០២៤នេះ និងក្នុងឆ្នាំ២០២៥និងឆ្នាំ២០២៦នឹងកើនឡើង៦,៥ ភាគរយ ដោយបានកើនឡើងពី៥ភាគរយនៅក្នុងឆ្នាំ២០២៣ ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់របាយការណ៍ Talking Stock ចុងក្រោយរបស់ធនាគារថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃការនាំចេញ ទេសចរណ៍ និងការស្តារការប្រើប្រាស់ និងការវិនិយោគអាជីវកម្ម ។
របាយការណ៍ចេញដោយទីភ្នាក់ងារខាងលើនេះបានឲ្យដឹងថា ការអភិវឌ្ឍន៍ទីផ្សារមូលធននឹង ផ្តល់នូវប្រភពដ៏សំខាន់ នៃមូលនិធិរយៈពេលវែងសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងជួយប្រទេសនេះសម្រេចបាន នូវគោលដៅរបស់ខ្លួន ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ។
លោកស្រី Dorsati Madani សេដ្ឋវិទូប្រទេសជាន់ខ្ពស់នៅធនាគារ ពិភពលោកប្រចាំនៅក្នុងប្រទេស វៀតណាមបានលើកឡើងថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេស មានភាពវិជ្ជមានជាមួយនឹងហានិភ័យ ដែលមានតុល្យភាពយ៉ាងទូលំទូលាយ ។
លោកស្រីបានឲ្យដឹងទៀតថា ការផ្តោតសំខាន់គឺលើការពន្លឿន ការបញ្ចេញការ វិនិយោគសាធារណៈដើម្បីជំរុញកំណើនសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
