បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក Joe Biden អំពីដំណើរទស្សនកិច្ចដ៏សំខាន់ របស់លោកទៅកាន់ទីក្រុងគៀវ កាលពីពេលថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារ ការិយាល័យរបស់លោក Modi បាននិយាយថា មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈ ស្តីពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តហើយថា នាយករដ្ឋមន្រ្តីបានចែករំលែក ពីការយល់ឃើញមួយចំនួនជាមួយលោក Putin ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ទីក្រុងគៀវ។ លោក Modi ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា និងការទូតដើម្បីស្វែងរកដំណោះស្រាយផងដែរ។
វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក Modi បានពន្យល់ប្រាប់លោក Putin ក្នុងដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងគៀវ ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់លោកក្នុងការ ដោះស្រាយ អរិភាពតាមរយៈមធ្យោបាយនយោបាយ-ការទូត។
វិមានក្រមឡាំងដដែលបានបន្ថែមថា ប្រធានាធិបតីឥណ្ឌា បានចែករំលែកការវាយតម្លៃ ជាគោលការណ៍ របស់គាត់អំពីគោលនយោបាយ បំផ្លិចបំផ្លាញរបស់អាជ្ញាធរក្រុងគៀវ និងអ្នកឧបត្ថម្ភលោកខាងលិច របស់ពួកគេក៏ដូចជាវិធីសាស្រ្ត របស់ទីក្រុងម៉ូស្គូចំពោះវិបត្តិជាដើម។
គួរឲ្យដឹងដែរថាកិច្ចសន្ទនាគ្នានេះ បានធ្វើឡើង មួយថ្ងៃ បន្ទាប់ពីលោក Modi និងលោក Biden ក៏បានពិភាក្សាអំពីជម្លោះអ៊ុយក្រែន ផងដែរ ដោយភាគីទាំងពីរ បាននិយាយថា ការសន្ទនានេះក៏ផ្តោត លើដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងគៀវផងដែរ ។ មេដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្ត របស់ពួកគេចំពោះដំណោះស្រាយដោយសន្តិវិធីនៃអរិភាព៕
ប្រែសម្រួល៖ស៊ុនលី