យ៉េរូសាឡឹម ៖ យោធាអ៊ីស្រាអ៊ែល បានប្រកាស កាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន បានជួយសង្គ្រោះចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអ៊ែលម្នាក់ ចេញពីផ្លូវរូងក្រោមដីនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប នៅពេលវាយលុកចូលទៅក្នុងតំបន់នោះ ។
យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Qaid Farhan Alkadi អាយុ៥២ឆ្នាំ ត្រូវបានគេរកឃើញតែម្នាក់ឯងគត់ នៅក្នុងផ្លូវរូងក្រោមដីដោយគ្មានអ្នកយាមឬចំណាប់ខ្មាំងដទៃទៀតនោះទេ ។ ដោយត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។
លោក Alkadi គឺជាចំណាប់ខ្មាំងទី៨ ដែលត្រូវបានដោះលែងតាមរយៈប្រតិបត្តិការយោធា និងជាចំណាប់ខ្មាំងជនជាតិអារ៉ាប់ ដំបូងគេបង្អស់ដែលត្រូវបានជួយសង្គ្រោះ ដែលនៅរស់រានមានជីវិត ។ គាត់ក៏ជាចំណាប់ខ្មាំងដំបូងគេដែលត្រូវបានជួយសង្គ្រោះចេញពីរូងក្រោមដីផងដែរ ។
យោធាបានឲ្យដឹងថា លោក Alkadi មកពី Karkur ភូមិ Bedouin ស្ថិតនៅភាគខាងត្បូងទីក្រុង Rahat ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអ៊ែល ហើយត្រូវបានចាប់ពង្រត់ពីកន្លែងធ្វើការរបស់គាត់ ខណៈផ្ទះនៅ Magen អំឡុងពេលវាយប្រហាររបស់ក្រុមហាម៉ាស់មកលើភូមិ Kibbutz ។
កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានយោធា រួមជាមួយនឹងភ្នាក់ងារមកពីទីភ្នាក់ងារសន្តិសុខ Shin Bet បានរករកផ្លូវរូងក្រោមដី ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីស្វែងរកចំណាប់ខ្មាំង ក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងឧបករណ៍បំផ្ទុះ ខណៈនោះបានកត់ សម្គាល់ឃើញថា ពួកគេមិនមានអ្វីឲ្យដឹងជាក់លាក់ណាមួយឡើយនូវព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់ លោក Alkadi ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា