ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ត្រូវអ្នកដាក់ញត្តិល្បីឈ្មោះម្នាក់ ប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោត

Bangkok Post

បរទេស៖ អ្នកដាក់ញត្តិល្បីឈ្មោះ Ruangkrai Leekitwattana បានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោតស៊ើបអង្កេតសិទ្ធិរបស់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសួរអំពីកាលបរិច្ឆេទនៃការលាលែងពីតំណែង របស់លោកស្រីជាមួយក្រុមហ៊ុនចំនួន២១ នៅក្នុងអាណាចក្រអាជីវកម្មរបស់គ្រួសារ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Ruangkrai បាននិយាយនៅថ្ងៃពុធថា លោកបានបញ្ជូនញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត (EC) តាមរយៈសេវាប្រៃសណីយ៍រហ័ស (EMS)។

លោកបាននិយាយថា លោកស្រី ផែតងតាន ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីដោយសភាតំណាងកាលពីថ្ងៃទី១៦ ខែសីហា។ លោកបានស្នើឱ្យគណៈកម្មការពិនិត្យមើលថាតើលោកស្រី បានស្នើសុំលែងជាផ្លូវការពីតួនាទីប្រតិបត្តិទាំងអស់នៅក្នុងក្រុមហ៊ុនរបស់គ្រួសារនៅថ្ងៃទី ១៥ ខែសីហា ឬក៏អត់? ហើយហេតុអ្វីបានជាការលាលែងរបស់លោកស្រីត្រូវបានចុះនៅថ្ងៃទី១៩ ខែសីហា បីថ្ងៃបន្ទាប់ពីលោកស្រីត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តី។

ញត្តិដែលបានផ្ញើកាលពីថ្ងៃពុធបានស្នើឱ្យ EC គឺនឹងស៊ើបអង្កេតថាតើឋានៈរបស់លោកស្រី ផែតងតាន ជានាយករដ្ឋមន្ត្រីគួរតែត្រូវបានចាត់ទុកជាមោឃៈតាមផ្នែកទី 170 (5) និងផ្នែកទី 187 នៃរដ្ឋធម្មនុញ្ញ។ មាត្រា ១៧០ (៥) ចែងអំពីក្រមសីលធម៌របស់គណៈរដ្ឋមន្ត្រី។ មាត្រា 187 ហាមប្រាមរដ្ឋមន្ត្រី ឬប្តីឬប្រពន្ធរបស់រដ្ឋមន្រ្តី ពីការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនពាណិជ្ជកម្ម៕

ប្រែសម្រួលៈ ណៃ តុលា

To Top