ព័ត៌មានអន្តរជាតិ

រោងចក្រកាត់ដេរជាច្រើននៅបង់ក្លាដែស កំពុងស្វែងរកការគាំទ្រ ដើម្បីជម្នះការលំបាក

The Star

ដាកា៖ សមាគមរោងចក្រកាត់ដេរបង់ក្លាដែស និងអ្នកនាំចេញ (BGMEA) បានស្វែងរកប្រាក់កម្ចីពីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេស ដើម្បីទប់ទល់នឹងការខាតបង់ ដែលកើតឡើងដោយសារស្ថានភាពក្នុងស្រុកនាពេលថ្មីៗនេះ និងទឹកជំនន់ដែលកំពុងបន្តបំផ្លិចបំផ្លាញ។

ប្រធានក្រុមហ៊ុន BGMEA លោក Khandoker Rafiqul Islam បានស្វែងរកប្រាក់កម្ចីនៅពេលជួបជាមួយទីប្រឹក្សាហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលបណ្តោះអាសន្នលោក Salehuddin Ahmed កាលពីថ្ងៃអង្គារ។

ប្រធាន BGMEA បានឲ្យដឹងថា ពួកគេបានធ្វើការទាមទារចំនួន ៩ ចំណុចទៅកាន់រដ្ឋាភិបាលបណ្តោះអាសន្ន រួមទាំងជំនួយជាសាច់ប្រាក់ពី ១៨ ពាន់លានទៅ ១៩ ពាន់លានតាកា (ប្រហែល ១៥៨លានដុល្លារអាមេរិក) សម្រាប់មួយខែ ដើម្បីជួយពួកគេផ្តល់ប្រាក់ឈ្នួលដល់កម្មករ និងទប់ទល់នឹងការខាតបង់។

លោកបានលើកឡើងថា ទីប្រឹក្សាបានធានាពួកគេពីការពង្រីកកិច្ចសហប្រតិបត្តិការខ្ពស់បំផុតរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា រោងចក្រកាត់ដេរ ដែលត្រៀមរួចជាស្រេចរបស់ប្រទេស មិនអាចដំណើរការពេញរយៈពេលមួយសប្តាហ៍បាននោះទេ ដោយសារភាពចលាចលនយោបាយកាលពីដើមខែនេះ និងស្ថានភាពបច្ចុប្បន្ន រួមទាំងទឹកជំនន់ភ្លាមៗផងដែរ។

ប្រទេសបង់ក្លាដែស បានលេចចេញជាតួអង្គសំខាន់នៅក្នុងឧស្សាហកម្មកាត់ដេរពិភពលោក ដោយទទួលបានតំណែងរបស់ខ្លួនជាអ្នកនាំចេញសម្លៀកបំពាក់ធំជាងគេទីពីរនៅទូទាំងពិភពលោកបន្ទាប់ពីប្រទេសចិន។

ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ មានរោងចក្រកាត់ដេរចំនួន ៣,៥០០ ដែលស្មើនឹង ៨៥ ភាគរយនៃចំនួនប្រហែល ៦២ពាន់លានដុល្លារអាមេរិកក្នុងការនាំចេញប្រចាំឆ្នាំរបស់ខ្លួន ដោយផ្គត់ផ្គង់ម៉ាកយីហោល្បីៗជាច្រើនរបស់ពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top