ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា ខ្លួនរឹបអូស​បានការ​តាំង​ទីលំនៅ​ចំនួន ១០០ នៅ​ក្នុងតំបន់ Kursk ប្រទេសរុស្ស៊ី

Mind News

គៀវ៖ កងទ័ពអ៊ុយក្រែន បានរឹបអូសយកការតាំងទីលំនៅចំនួន ១០០ នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីពួកគេបានវាយលុកចូលទៅក្នុងព្រំដែនជាប់តំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា នេះបើតាមសម្តីលោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

លោក Syrsky ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “យើងបន្តឆ្ពោះទៅមុខ ដោយធ្វើឱ្យមានការខាតបង់យ៉ាងសំខាន់លើកងទ័ពរុស្ស៊ី ទាំងផ្នែកកម្លាំងមនុស្ស និងឧបករណ៍” ។

យោងតាមលោក Syrsky ប្រទេសរុស្ស៊ី បានដាក់ពង្រាយឡើងវិញនូវកងទ័ពប្រហែល ៣០,០០០ នាក់ពីតំបន់ផ្សេងទៀតទៅកាន់តំបន់ Kursk ហើយឥឡូវនេះកំពុងព្យាយាមបង្កើតខ្សែការពារ នៅជុំវិញកងកម្លាំងអ៊ុយក្រែន។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា កងកម្លាំងពិសេស Akhmat របស់ខ្លួនបានធ្វើប្រតិបត្តិការឈ្លបយកការណ៍ដោយធានាបាននូវកម្ពស់បញ្ជាការនៅក្នុងស្រុក Sudzha ក្នុងតំបន់ Kursk ដែលពីមុនកាន់កាប់ដោយអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ប្រភពនៅកន្លែងកើតហេតុថា កម្ពស់​នេះ​ស្ថិត​នៅ​ចម្ងាយ ៤០០-៥០០ ម៉ែត្រ​ពី​ទីតាំង​ជួរមុខ​របស់​អ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top