គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងថា ខ្លួនបានអនុវត្តការកាត់ផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់រុស្ស៊ីមកលើប្រទេសនេះ។
ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា ការដាក់កំហិតអគ្គិសនីនឹងធ្វើឡើងនៅក្នុងតំបន់ទាំងអស់របស់អ៊ុយក្រែនចាប់ពីម៉ោង ៦ ដល់ ១១ ព្រឹក ម៉ោងក្នុងស្រុក និងចាប់ពីម៉ោង ៣ ដល់ ៩ យប់ ខណៈដែលការតាំងទីលំនៅជាង ៥០០ នៅទូទាំងប្រទេសអ៊ុយក្រែន នៅតែគ្មានអគ្គិសនីប្រើប្រាស់។
មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនលោក Mykola Oleshchuk បានឲ្យដឹងនៅលើ Telegram ដោយអះអាងថា រុស្ស៊ីកាលពីថ្ងៃចន្ទបានបាញ់បង្ហោះកាំជ្រួចចំនួន ១២៧ គ្រាប់ និងយន្តហោះដ្រូនប្រយុទ្ធចំនួន ១០៩ គ្រឿង ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនបានធ្វើការវាយប្រហារជាក្រុមជាមួយនឹងអាវុធជាក់លាក់តាមអាកាសរយៈចម្ងាយឆ្ងាយទៅលើហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអ៊ុយក្រែនដ៏សំខាន់ ដោយថា “គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ”៕
ប្រែសម្រួល ឈូក បូរ៉ា