គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា កងទ័ពអ៊ុយក្រែន បានដណ្តើមយកតំបន់ បន្ថែមទៀតនៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ហ្សេឡិនស្គី បានឲ្យដឹងថា “អគ្គមេបញ្ជាការលោក Oleksandr Syrskyi ក៏បានរាយការណ៍អំពីប្រតិបត្តិការ របស់យើងនៅក្នុងតំបន់ Kursk ផងដែរ។ យើងបន្តពង្រីកទឹកដី ក្រោមការគ្រប់គ្រងរបស់យើង នៅក្នុងតំបន់ ដែលបានកំណត់នៅជិតព្រំដែន នៃប្រទេសអ៊ុយក្រែន” ។
កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន បានចូលឈ្លានពានតំបន់ Kursk របស់រុស្ស៊ីកាលពីថ្ងៃទី០៦ ខែសីហា ។ លោក បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកថា “យើងត្រូវតែយល់ផងដែរ ឥឡូវនេះថាសម្ពាធទាំងអស់ដែលយើងបានផ្ទេរទៅប្រទេសរុស្ស៊ី មានន័យថា ពួកគេមិនអាចដាក់សម្ពាធ បន្ថែមទៀតលើតំបន់ Donetsk របស់យើងបានទៀតនោះទេ” ។
ទោះជាយ៉ាងណាក៏ដោយ លោក ហ្សេឡិនស្គី ក៏បានកត់សម្គាល់ផងដែរថា ស្ថានភាពនៅតំបន់ Pokrovsk និងទិសដៅផ្សេងទៀតនៅក្នុងតំបន់ Donetsk “គឺពិបាកខ្លាំងណាស់” ។
លោកបានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់រុស្ស៊ី និងកងកម្លាំងដ៏ធំបំផុត របស់ពួកគេត្រូវបានប្រមូលផ្តុំនៅទីនោះ ហើយភាពធន់ នៃអង្គភាពរបស់យើងនីមួយៗ សមត្ថភាពរបស់យើងក្នុងការបំផ្លាញអ្នកកាន់កាប់ ឥឡូវនេះមានសារៈសំខាន់ខ្លាំងណាស់”៕
ប្រែសម្រួល ឈូក បូរ៉ា