បរទេស៖ យោងតាមក្រសួងព័ត៌មាន និងសារគមនាគមន៍ របស់ប្រទេសវៀតណាម បានឱ្យដឹងថា ប្រទេសវៀត ណាម ក្នុងមួយឆ្នាំៗ នាំចូលកាមេរ៉ាសុវត្ថិភាពចំនួន ៣,២ លានគ្រឿង ដោយភាគច្រើនមិនបានបំពេញតាមស្តង់ដារសុវត្ថិភាព។ ក្រសួងបាននិយាយថា កាមេរ៉ាអ៊ីនធឺណែត ឬកាមេរ៉ា IP ទីផ្សារភាគច្រើនមានផលិតផលបរទេស ហើយម៉ាកក្នុងស្រុកមានវត្តមាន “តិចតួច” ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាមេរ៉ា IP មានសមត្ថភាពបញ្ជូន និងទទួលទិន្នន័យតាមអ៊ីនធឺណិត ដំណើរការដោយឯករាជ្យ និងបញ្ជូនរូបភាពបន្តផ្ទាល់ទៅកាន់ឧបករណ៍ដូចជាទូរសព្ទ កុំព្យូទ័រ និងម៉ាស៊ីនមេផ្ទុកទិន្នន័យជាដើម។
ក្រសួងព័ត៌មាន និងសារគមនាគមន៍ វៀតណាមបាននិយាយថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ កាមេរ៉ាឃ្លាំមើលច្រើនជាង ១៦លានគ្រឿងត្រូវបាននាំចូល ហើយក្នុងនោះ ៩៦,៣ភាគរយ នាំចូលពីប្រទេសចិន ដែលម៉ាកល្បីៗរួមមាន HikVision, Ezviz, Dahua, iMou, KBVision និង Xiaomi ។ “វាត្រូវបានគេប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៥ វៀតណាមនឹងមានកាមេរ៉ាឃ្លាំមើលជាង ២០ លានគ្រឿងសម្រាប់ប្រើប្រាស់ ស្មើនឹងមួយភាគប្រាំនៃចំនួនប្រជាជនរបស់ប្រទេសនេះ”។ នេះជាលើកទីមួយហើយដែលទិន្នន័យបែបនេះត្រូវបានបង្ហាញ។
កាមេរ៉ាឃ្លាំមើលគឺស្ថិតក្នុងចំណោមឧបករណ៍ដែលកំណត់គោលដៅដោយពួក Hacker ក្នុងការវាយប្រហារតាមអ៊ីនធឺណិត ដែលបង្កការគំរាមកំហែងយ៉ាងសំខាន់នៃការឈ្លានពាន និងការប្លន់ជំរឹត។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មានកាន់តែច្រើនឡើងក្នុងការផ្តល់ការលក់រូបភាព និងវីដេអូលេចធ្លាយពីកាមេរ៉ាឃ្លាំមើលក្នុងតម្លៃ ២០០.០០០ ដុង (៨ ដុល្លារអាមេរិក) ទៅ ១ លានដុង។
យោងតាមស្ថិតិឆ្នាំ ២០២១ ពីក្រសួង គឺ អាសយដ្ឋាន IP វៀតណាមចំនួនមួយលាន គឺត្រូវបានរកឃើញនៅក្នុងបណ្តាញ botnet IP ជារៀងរាល់ខែ ដែល ៥ភាគរយ ទាក់ទងដោយផ្ទាល់ទៅនឹងមេរោគពីកាមេរ៉ាឃ្លាំមើល៕
ប្រែសម្រួលៈ ណៃ តុលា