ព័ត៌មានអន្តរជាតិ

ការវាយប្រហារ​របស់​អ៊ីស្រាអែល​ នៅ​តំបន់ហ្គាហ្សា ដោយ​អាវុធ​របស់​អាមេរិក ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម

វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់ ការវាយប្រហាររបស់អ៊ីស្រាអែលចំនួន ២០ លើកនៅតំបន់ហ្គាហ្សា ជាឧក្រិដ្ឋកម្មសង្គ្រាម ជាមួយនឹងអាវុធ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោធាអ៊ីស្រាអែល បានប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារលើជំរុំជនភៀសខ្លួន សាលារៀន និងមន្ទីរពេទ្យ ហើយនៅក្នុងការវាយប្រហារមិនសមាមាត្រលើគោលដៅយោធា ដែលស្ទើរតែទាំងអស់ពិតជាបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន។

ការស្រាវជ្រាវបានបង្ហាញថា អ៊ីស្រាអែល ពឹងផ្អែកលើអាវុធរបស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងស្ទើរតែគ្រប់ទិដ្ឋភាពនៃយុទ្ធនាការយោធារបស់អ៊ីស្រាអែល។  អ៊ីស្រាអែល បានប្រើប្រាស់យន្តហោះ ដែលផលិតដោយសហរដ្ឋអាមេរិកដូចជា F-35, F-16, និង F-15 ដើម្បីទម្លាក់គ្រាប់បែក ដែលផលិតដោយសហរដ្ឋអាមេរិករួមទាំង MK-84, MK-83, MK-82 និងគ្រាប់បែក “អង្កត់ផ្ចិតតូច” ទម្ងន់ 250ផោន ជាដើម។ 

គិតត្រឹមថ្ងៃពុធនេះ យោធាអ៊ីស្រាអែល បាននិងកំពុងពង្រីកប្រតិបត្តិការនៅតំបន់ West Bank ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា មកទល់ពេលនេះបានឆក់យកជីវិតមនុស្សជាង ៤០,៤០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top