រ៉ាម៉ាឡា៖ យោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមនូវប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅក្នុងជំរុំ Jenin, Tulkarm និង Tubas នៅភាគខាងជើងតំបន់ West Bank ។
លោក Avichai Adraee អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធានៅ Jenin, Tubas និង Tulkarm ដើម្បីទប់ស្កាត់អំពើភេរវកម្ម” ។
ប្រភពប៉ាឡេស្ទីនបានប្រាប់ស៊ីនហួថា កម្លាំងធំៗរួមជាមួយនឹងគ្រឿងចក្រឈូសឆាយដ៏ច្រើនសន្ធឹកសន្ធាប់ បានចូលរួមក្នុងប្រតិបត្តិការក្នុងតំបន់ខាងលើនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
ប្រភពបានបន្ថែមថា រថយន្តយោធារបស់អ៊ីស្រាអែល បានវាយលុកទីក្រុងពីទិសដៅជាច្រើន ដោយវាយលុកសង្កាត់របស់ខ្លួន និងជំរុំជនភៀសខ្លួនជាដើម។
យោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា ជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ Jenin ៕
ប្រែសម្រួល ឈូក បូរ៉ា