ព័ត៌មានអន្តរជាតិ

ពលរដ្ឋនៅក្នុងប្រទេសបង់ក្លាដេសចំនួន ៣១នាក់ បាត់បង់ជីវិតនៅក្នុងពេលមានគ្រោះទឹកជំនន់កើតឡើង

ដាកា៖ របាយការណ៍ចេញពីរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃពុធថា មានមនុស្សសរុបចំនួន ៣១នាក់ ត្រូវបានស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់កើតឡើងដែលមិនធ្លាប់មានពីមុនមកនោះទេ ដែលបណ្តាលមកពីភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងតាមរដូវនៅក្នុងតំបន់មួយចំនួននៃប្រទេសបង់ក្លាដេស ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសម្របសម្រួល ការឆ្លើយតបគ្រោះមហន្តរាយជាតិ ដែលស្ថិតនៅក្រោមឳវាទក្រសួងគ្រប់គ្រង និងសង្គ្រោះគ្រោះមហន្តរាយ បានឱ្យដឹងថា អ្នកស្លាប់ចំនួន ១២នាក់ ត្រូវបានគេរាយការណ៍មកថា នៅក្នុងស្រុក Cumilla ស្ថិតនៅចម្ងាយប្រហែល៩៦គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីដាកា ។

គេបានដឹងទៀតថា គ្រោះទឹកជំនន់ដែលកំពុងបន្តបំផ្លិចបំផ្លាញបានធ្វើឱ្យមនុស្ស ១,២៣លាននាក់ ជាប់គាំងនៅក្នុងស្រុកប្រហែល ១៤ នៅភាគអាគ្នេយ៍ និងភាគឦសាន ។ នៅក្នុងរបាយការណ៍បានដាក់ថាមនុស្សជិត ៦លាននាក់ បានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កើតឡើងភ្លាមៗ និងការកកស្ទះទឹកនៅក្នុងស្រុកចំនួន១១ នៅក្នុងចំណោមស្រុកសរុបចំនួន ៦៤ របស់ប្រទេសនេះ ។

ក្រសួងខាងលើបានឲ្យដឹងថា លើសពីនេះទៅទៀត មានមនុស្សជាងកន្លះលាននាក់បានជ្រកកោននៅក្នុងមជ្ឈមណ្ឌលចំនួន ៤.០០៣កន្លែង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top