ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ វាយប្រហារទ្រង់ទ្រាយធំលើកទី៣ លើអ៊ុយ​ក្រែ​ន​ ដោយយន្តហោះគ្មានមនុស្ស បើកជិត៨០គ្រឿង និងបាញ់​មី​ស៊ី​ល​ច្រើនគ្រាប់

AFP

បរទេស៖ អ៊ុយក្រែននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកអត្តឃាត ៧៤ គ្រឿងចូលទៅក្នុងទឹកដីរបស់ខ្លួន ដែលជាការវាយប្រហារទ្រង់ទ្រាយធំលើកទី ៣ ក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បានប្រកាសថា នៅយប់ថ្ងៃទី ២៨ ខែសីហា និងព្រឹកព្រលឹមថ្ងៃទី ២៩ ខែសីហា យោធារុស្ស៊ី បានបាញ់កាំជ្រួច Kh-59/Kh-69 ចំនួន ៣ គ្រាប់ , មីស៊ីលមិនស្គាល់ ប្រភេទចំនួន ២ គ្រាប់ និង   យន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត (UAVs) Shahed ចំនួន ៧៤គ្រឿង ចូលទៅក្នុងតំបន់ចំនួនប្រាំបួននៃអ៊ុយក្រែន រួមទាំងខេត្តគៀវផងដែរ។

លោកបាននិយាយថា “កាំជ្រួច Kh-59/Kh-69 ចំនួនពីរគ្រាប់ និង យន្តហោះគ្មានមនុស្សបើក  ‘Shahed-131/136’ UAVs ៦០គ្រឿង ត្រូវបានបាញ់ទម្លាក់។ UAV ចំនួន ១៤គ្រឿង ផ្សេងទៀតបានធ្លាក់លើទឹកដីអ៊ុយក្រែន។ មន្ត្រី​រូប​នេះ​មិន​បាន​និយាយ​ពី​កាំជ្រួច​បី​គ្រាប់​ដែល​នៅ​សេសសល់​នោះ​ទេ ដែល​ទំនង​ជា​គេច​ផុត​ពី​ការ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន។

លោក Serhiy Popko ប្រមុខយោធាទីក្រុងគៀវ បាននិយាយថា យន្តហោះគ្មានមនុស្ស បើកប្រហែល ១៥ គ្រឿង ដែលរុស្ស៊ីបាញ់ឆ្ពោះទៅកាន់រដ្ឋធានីអ៊ុយក្រែន បានបរាជ័យក្នុងការទៅដល់គោលដៅ។ លោកបានបន្ថែមថា បំណែកនៃយន្តហោះគ្មានមនុស្ស បើកបានបំផ្លាញបង្អួច និងទ្វារនៅក្នុងអគារផ្ទះល្វែងមួយ ហើយបណ្តាលឱ្យមានអគ្គីភ័យ នៅក្នុងអគារដែលមិនមែនជាលំនៅដ្ឋាន ប៉ុន្តែត្រូវបានពន្លត់នៅពេលក្រោយ។

អភិបាលក្រុងគៀវ លោក Ruslan Kravchenko បាននិយាយថា យន្តហោះគ្មានមនុស្សបើក UAV របស់រុស្ស៊ីមិនបានបង្ក ការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ នៅក្នុងតំបន់នោះទេ ហើយអាជ្ញាធរនៅក្នុងរដ្ឋធានី គៀវ និងតំបន់ផ្សេងទៀត មិនបានកត់ត្រាចំនួន អ្នកស្លាប់បន្ទាប់ពីការ វាយប្រហារនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top