រ៉ាម៉ាឡាហ៍ ៖ យោងតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅក្រុង រ៉ាម៉ាឡាហ៍ (Ramallah)បានឲ្យដឹងថា កាលពីថ្ងៃពុធ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ចំនួន១០នាក់ត្រូវបានសម្លាប់ ដោយការបាញ់គ្រាប់ផ្លោង និងកាំភ្លើងរបស់អ៊ីស្រាអ៊ែល ចូលក្នុងតំបន់នៅភាគខាងជើង West Bank ។
ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យុវជនម្នាក់ឈ្មោះ Mohammad Abed ត្រូវបានសម្លាប់ ដោយការបាញ់កាំភ្លើង របស់កងទ័ពអ៊ីស្រាអ៊ែល នៅក្នុងភូមិ Kafr Dan ស្ថិតនៅភាគខាងលិចទីក្រុង Jenin” ។
ប្រភព និងសាក្សីនៅក្នុងតំបន់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងទ័ពបានបាញ់ ចំលើលោក Abed ដែលជាអ្នកទោស ដែលត្រូវបានគេដោះលែង ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល Jenin ជាបន្តបន្ទាប់នោះ ។
កាលពីព្រឹកថ្ងៃពុធ ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅទីក្រុង រ៉ាម៉ាឡាហ៍ បានប្រកាសឲ្យដឹងថា មនុស្សចំនួន៩នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអ៊ែល នៅតំបន់ West Bank ដែលមានក្រុង Jenin, Tubas និង Tulkarm ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា លោក Avichai Adraee អ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែល បានលើកឡើងថា កងកម្លាំងសន្តិសុខអ៊ីស្រាអ៊ែល បានបើកយុទ្ធនាការមួយកាលពីយប់មិញ ក្នុងគោលបំណងប្រឆាំងនឹង “អំពើភេរវកម្ម” នៅក្នុងទីក្រុងទាំងនេះ ។ នៅក្នុងអំឡុងពេលប្រតិបត្តិការនោះដែរ កងកម្លាំងបានសម្លាប់ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ បូករួមទាំងការវាយប្រហារពីលើដែនអាកាស និងនៅលើដីគោក ដោយបានរកឃើញអាវុធ និងចាប់ខ្លួនជនសង្ស័យ បានទៀតផង ៕