ព័ត៌មានអន្តរជាតិ

CIA ៖ ពួកភេរវករ គ្រោងនឹងសម្លាប់មនុស្ស រាប់ម៉ឺននាក់ នៅឯការប្រគុំតន្ត្រី Taylor Swift ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស

RT News

បរទេស៖ នាយករង CIA លោក David Cohen បាននិយាយថា ពួកភេរវករ មានគោលបំណងសម្លាប់ “មនុស្សឱ្យបាន ច្រើនតាមដែលអាចធ្វើទៅបាន” ដោយប្រើគ្រឿងផ្ទុះ និងកាំបិត នៅឯការប្រគុំតន្ត្រីរបស់ Taylor Swift នៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីដើមខែនេះ និង បាននិយាយបន្ថែមថា ភ្នាក់ងារចារកម្មអាមេរិក បានព្រមានអាជ្ញាធរអូទ្រីស អំពីការវាយប្រហារដែលនឹងមកដល់ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមលោក Cohen ថា អ្នកវាយប្រហារដែលត្រូវបានគេនិយាយថាមានទំនាក់ទំនងជាមួយរដ្ឋឥស្លាម (IS ដែលពីមុនជា ISIS) “កំពុងរៀបចំផែនការ សម្លាប់មនុស្សចំនួនដ៏ច្រើន មនុស្សរាប់ម៉ឺននាក់ ដោយខ្ញុំប្រាកដដែរថា រួមទាំងមានជនជាតិ អាមេរិកជាច្រើននាក់ផងដែរ។

លោកបានកត់សម្គាល់ថា កងកម្លាំងសន្តិសុខអូទ្រីសអាចចាប់ខ្លួនជនសង្ស័យបាន ពីព្រោះ CIA និង “ដៃគូរបស់យើងនៅក្នុងសហគមន៍ស៊ើបការណ៍សម្ងាត់ គឺបានផ្តល់ព័ត៌មានដល់ពួកគេអំពីអ្វីដែលក្រុម ISIS នេះគ្រោងនឹងធ្វើ” ។

លោកបាននិយាយនៅ ក្នុងកិច្ចប្រជុំកំពូលស៊ើបការណ៍ នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីថា “ខ្ញុំអាចប្រាប់អ្នកនៅក្នុង ទីភ្នាក់ងាររបស់ខ្ញុំ ហើយខ្ញុំប្រាកដក្នុងចិត្តថា មានមនុស្សមួយចំនួន ដែលគិតថានោះជាថ្ងៃដ៏ល្អសម្រាប់ Langley ហើយមិនមែនត្រឹមតែ Swifties នៅក្នុងកម្លាំងការងារ របស់ខ្ញុំនោះទេ”។

អ្នកគ្រោងគ្រោងនឹង វាយប្រហារការប្រគុំតន្ត្រីរបស់ Taylor Swift មួយក្នុងចំណោមការប្រគុំតន្ត្រី Swift ចំនួនបីនៅទី ក្រុងវីយែន ប្រទេសអូទ្រីស ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា ជាផ្នែកនៃដំណើរអឺរ៉ុប Eras Tour របស់នាង។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីប្រគុំតន្រ្តីនេះត្រូវបានលុបចោលដោយអ្នករៀបចំព្រឹត្តិការណ៍ Barracuda Music បន្ទាប់ពីអាជ្ញាធរបានជូនដំណឹងដល់ពួកគេអំពីគម្រោងដែលបានគ្រោងទុក។

យោងតាមមន្ត្រីប្រទេសអូទ្រីស បានឲ្យដឹងថា ជនសង្ស័យសំខាន់ក្នុងផែនការណ៍នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែសីហា រួមនឹងអ្នកសមគំនិតអាយុ ១៧ឆ្នាំ។ នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ជន​សង្ស័យ​ម្នាក់​ទៀត​អាយុ ១៨​ឆ្នាំ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top