បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Pavel Popov ត្រូវបានចាប់ខ្លួន ហើយកំពុងស្ថិត នៅក្រោមការស៊ើបអង្កេត សម្រាប់ការចោទប្រកាន់ថា បានប្រើប្រាស់តួនាទី របស់គាត់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
គណៈកម្មាធិកានេះ បានធ្វើការប្រកាន់លើ សកម្មភាពរបស់លោក Popov ចន្លោះឆ្នាំ ២០២១ និង ២០២៤ ចំពោះតួនាទីដែលគាត់បានដើរ តួក្នុងការអភិវឌ្ឍន៍ឧទ្យាន Patriot ដ៏ធំដែលរៀបចំដោយយោធានៅខាងក្រៅរដ្ឋធានីរុស្ស៊ី។ ប្រធានាធិបតី Vladimir Putin បានបណ្តេញគាត់ចេញពីតំណែង របស់គាត់នៅក្នុងក្រសួង ការពារជាតិ កាលពីពាក់កណ្តាល ខែមិថុនាកន្លងមកនេះ។
ក្រុមអ្នកស៊ើបអង្កេតបានអះអាងថាលោក Popov បានគាបសង្កត់ទៅលើក្រុមអ្នកម៉ៅការ ឱ្យធ្វើការនៅមជ្ឈមណ្ឌលកម្សាន្ត និងអប់រំដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីផ្តល់សម្ភារសំណង់ និងសេវាកម្មដោយឥតគិតថ្លៃ សម្រាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់គាត់នៅក្នុងតំបន់ក្បែរទៅនឹងរដ្ឋធានីទីក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍ បាននិយាយថា គម្រោងមួយចំនួន ត្រូវបានបញ្ជូនវិក្កយបត្រ ទៅរដ្ឋាភិបាលជាជាងដាក់បញ្ចូល ទៅក្នុងការចំណាយរបស់ក្រុមហ៊ុនឬ ចំណាយទៅកាន់រូប គាត់ដោយផ្ទាល់។
Patriot Part បានបើកឲ្យដំណើរការ កាលពីឆ្នាំ២០១៥ នៅជិតសារមន្ទីរ Kubinka Tank ដ៏ល្បីល្បាញក្នុងតំបន់មូស្គូហើយ ទីតាំងនេះលាតសន្ធឹងលើផ្ទៃដីជាង៣,៥០០ ហិកតា និងក៏ជាទីកន្លែងផ្តល់ការស្នាក់នៅ ជូនកងកម្លាំងប្រដាប់អាវុធ សារមន្ទីរជាច្រើន មជ្ឈមណ្ឌលសន្និបាត និងបរិវេណផ្សេងទៀតជាច្រើនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី