ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង ទាមទារ ឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការឃុបឃិត ផ្នែកយោធាជាមួយកោះតៃវ៉ាន់, បញ្ឈប់ការបំពាក់អាវុធ និងបញ្ឈប់ការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមមិនពិតទាក់ទងនឹងចិន

RT News

បរទេស ៖ អនុប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន លោក Zhang Youxia បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែបញ្ឈប់កិច្ច សហប្រតិបត្តិការរបស់ខ្លួន ជាមួយយោធាកោះតៃវ៉ាន់ និងគោរពផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយលោកក៏បានហៅ​បញ្ហា​កោះតៃវ៉ាន់​គឺសំខាន់​សម្រាប់​ក្រុង​ប៉េកាំង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ លោក Zhang បានទាមទារឱ្យសហរដ្ឋអាមេរិក “បញ្ឈប់ការឃុបឃិតផ្នែកយោធា របស់ខ្លួនជាមួយកោះតៃវ៉ាន់ បញ្ឈប់ការបំពាក់អាវុធ និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតទាក់ទងនឹងចិន” ។ នេះបើយោងតាមការ​ចុះផ្សាយដោយ ក្រសួងការពារជាតិចិន។

លោក Zhang បានបន្ថែមថា បញ្ហាកោះតៃវ៉ាន់ ដែលត្រូវបានទីក្រុងប៉េកាំង មើលឃើញថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន គឺជា “មូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងចិន-អាមេរិក” និង “ខ្សែក្រហមលេខមួយ ដែលមិនត្រូវឆ្លងកាត់”។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំង តែងតែព្យាយាមរក្សាសន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែលោកបានព្រមានថា រឿងនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើមានការប៉ុនប៉ងបំបែកតៃវ៉ាន់ ចេញពីប្រទេសដទៃទៀត។

លោក Zhang បាននិយាយថា “បេសកកម្ម និងកាតព្វកិច្ចរបស់កងទ័ព រំដោះប្រជាជនចិន គឺដើម្បីប្រឆាំងដាច់ខាត ចំពោះអ្នកគាំទ្រ នៃអ្វីដែលហៅថាឯករាជ្យភាព របស់កោះតៃវ៉ាន់ និងជំរុញការបង្រួបបង្រួម” ។ «យើង​មាន​កាតព្វកិច្ច​ទប់ទល់​នឹង​ការ​បង្កហេតុ​ដោយ​មិន​ប្រុងប្រយ័ត្ន​របស់​កងកម្លាំង​បំបែក​ខ្លួន»៕
ប្រែសម្រួលៈ ណៃ តុលា

To Top