ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូន នឹងបង្កឲ្យមានព្យុះភ្លៀង និងខ្យល់បក់បោកខ្លាំង មកលើខេត្ត Sindh របស់ប៉ាគីស្ថាន

AFP

ឥស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ថា (NDMA) និងនាយកដ្ឋានឧតុនិយមប៉ាគីស្ថាន ហៅកាត់ (PMD) បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធសម្ពាធទាបដ៏ធ្ងន់ធ្ងរមួយនៅសមុទ្រអារ៉ាប់ ក្បែរឆ្នេរសមុទ្ររបស់ ប្រទេសប៉ាគីស្ថាន ត្រូវបានគេរំពឹងថា នឹងកើនឡើង និងបង្កជាព្យុះស៊ីក្លូន ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងខ្យល់បក់បោកខ្លាំងនៅក្នុងខេត្ត Sindh ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសនេះ ។
នាយកដ្ឋាន PMD បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រសិនបើប្រព័ន្ធនេះបន្តវិវត្តន៍ខ្លួនដូចការរំពឹងទុកមែននោះ វានឹងត្រូវបានគេដាក់ឈ្មោះថា “Asna” ដែលជាឈ្មោះតំណាងឱ្យ “ខ្ពស់បំផុត” និង “ភ្លឺចែងចាំង” ។

អាជ្ញាធរ NDMA បានឲ្យដឹងថា ប្រព័ន្ធនេះស្ថិត នៅចម្ងាយប្រហែល២៧៧គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុង Karachi ត្រូវបានគេរំពឹងថា នឹងផុសឡើង ចូលទៅក្នុងសមុទ្រអារ៉ាប់នៅភាគឦសាន តាមបណ្តោយឆ្នេរសមុទ្រនៅខេត្ត Sindh កាលពីយប់ថ្ងៃព្រហស្បតិ៍ ឬព្រឹកព្រលឹមថ្ងៃសុក្រនេះ ។

អាជ្ញាធរ NDMA បានឲ្យដឹងទៀតថា ដោយសារតែព្យុះនេះ មានកម្លាំងកាន់តែខ្លាំង ភ្លៀងធ្លាក់ចុះក៏ខ្លាំង ខ្យល់ និងមានព្យុះផ្គររន្ទះ ដោយមានភ្លៀងធ្លាក់ចុះខ្លាំងឡើងៗ ត្រូវបានគេរំពឹងទុកថា កើតឡើងនៅទូទាំងស្រុកមួយចំនួនក្នុងខេត្ត Sindh ហើយលក្ខខណ្ឌ អាកាសធាតុខ្លាំងនេះត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃសៅរ៍ ដោយមានការថម ថយឥទ្ធិពលម្តងម្កាលប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top