តូក្យូ៖ ការស្នើសុំថវិកាដំបូង សម្រាប់ឆ្នាំ២០២៥ របស់ប្រទេសជប៉ុន ទំនងជាបានឈាន ដល់កំណត់ត្រាជាង ១១៧ពាន់ពាន់លានយ៉េន (៨០៨ពាន់លានដុល្លារ) ដែលជាកំណត់ត្រា ខ្ពស់សម្រាប់ឆ្នាំទី២ ជាប់ៗគ្នា នេះបើតាមការបូកសរុប របស់សារព័ត៌មានក្យូដូ បានបង្ហាញនៅថ្ងៃសុក្រនេះ ជាមួយនឹងការចំណាយផ្នែកសន្តិសុខសង្គម និងការពារជាតិកើនឡើង។
សំណើរបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ដែលទទួលបន្ទុកលើ គោលនយោបាយវេជ្ជសាស្ត្រ និងប្រាក់សោធន និវត្តន៍បានកើន ឡើងដល់កម្រិតធំបំផុតរបស់ពួកគេ ខណៈដែលការកើនឡើង អត្រាការប្រាក់ បានបង្កើនការចំណាយ លើសេវាបំណុលដែលត្រូវបានប្រើ ដើម្បីគ្របដណ្តប់ការខ្វះខាតនៃប្រាក់ចំណូលពន្ធ។
ថវិកាគណនីទូទៅសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ចាប់ពីខែមេសា ឆ្នាំ២០២៥ អាចលើសពីកំណត់ត្រាមុនចំនួន ១១៤,៣៨ពាន់ពាន់លានយ៉េន ដែលបានកំណត់ទុក សម្រាប់សារពើពន្ធឆ្នាំ២០២៣ ដែលបញ្ជាក់ពីការខកខាន របស់ប្រទេសជប៉ុន ក្នុងការស្តារសុខភាពសារពើពន្ធរបស់ខ្លួន ដែលជាការអាក្រក់បំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ធំៗ។
ក្រសួង និងទីភ្នាក់ងារ រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងដាក់សំណើថវិការបស់ពួកគេនៅថ្ងៃសុក្រ ដែលជាថ្ងៃធ្វើការចុង ក្រោយនៅក្នុងខែសីហា។ សំណើថវិកាគណនីទូទៅ រួមបញ្ចូលការចំណាយសម្រាប់សន្តិសុខសង្គម ការការពារជាតិ ការអភិវឌ្ឍន៍ឧស្សាហកម្ម និងគម្រោងការងារសាធារណៈ។
ក្រសួងហិរញ្ញវត្ថុនឹងព្យាយាម កាត់បន្ថយសំណើនេះ។ ថវិកាដំបូងសម្រាប់ សារពើពន្ធឆ្នាំ២០២៤ ត្រូវបានកាត់បន្ថយ មកនៅត្រឹម ១១២,៥៧ពាន់ពាន់លានយ៉េនពីចំនួន ដែលបានស្នើសុំចំនួន ១១៤ ពាន់ពាន់លានយ៉េន។
ជាធម្មតា រដ្ឋាភិបាលតែងព្រាងថវិកា រដ្ឋក្នុងខែធ្នូ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ប៉ុន្តែការប្រណាំងប្រជែងតំណែង ប្រធានាធិបតីនៃគណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច គ្រោងនឹងធ្វើឡើងនៅខែកញ្ញា ដើម្បីជ្រើសរើសអ្នកស្នងតំណែង ពីនាយករដ្ឋមន្ត្រី ជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលផុតអាណត្តិ៕
ប្រែសម្រួល ឈូក បូរ៉ា