សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានឲ្យដឹងថា លោកនឹងបន្តធ្វើការសម្រាប់អនាគតនៃទំនាក់ទំនងជាមួយប្រទេសជប៉ុន ដោយមិនគិតពីអ្នកដែលស្នងតំណែងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅខែក្រោយនោះទេ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅការិយាល័យប្រធានាធិបតី លោក Yoon បានឲ្យដឹងថា “ខ្ញុំចង់និយាយអំពីការរក្សាកិច្ចសហប្រតិបត្តិការ និងការរួមផ្សំគ្នា សម្រាប់អនាគត ដោយមិនគិតពីមេដឹកនាំណា ដែលទទួលបន្ទុកកិច្ចការរដ្ឋ” ដោយសំដៅទៅលើអ្នកស្នងតំណែងរបស់លោក គីស៊ីដា ដែលនឹងត្រូវជ្រើសរើសនៅចុងខែក្រោយនោះទេ។
នៅពេលត្រូវបានសួរអំពីដំណើរទស្សនកិច្ចដែលរំពឹងទុករបស់លោក គីស៊ីដា ទៅកាន់កូរ៉េខាងត្បូងនៅដើមខែកញ្ញា លោកបានលើកឡើងថា ការធ្វើដំណើរនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែបានបន្ថែមថា លោកត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍លោក។
លោក Yoon ក៏បានគូសបញ្ជាក់ផងដែរថា យុគសម័យថ្មីនៃភាពជាដៃគូត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលត្រូវបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូលនៅ Camp David ជិតទីក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំមុននឹងបន្តដោយថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ សន្តិសុខសេដ្ឋកិច្ចពិភពលោកក៏ដូចជាសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងបីបានប្តេជ្ញាចិត្តពិភាក្សាគ្នាឱ្យបានឆាប់រហ័ស ដើម្បីសម្របសម្រួលការឆ្លើយតបរបស់ពួកគេ ចំពោះ “ការបង្កហេតុ” និង “ការគំរាមកំហែង” ចំពេលមានសកម្មភាពដ៏ខ្លាំងក្លារបស់ប្រទេសចិន និងការបះបោរកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង៕
ប្រែសម្រួល ឈូក បូរ៉ា