ព័ត៌មានអន្តរជាតិ

អតីត​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ត្រូវ​ចាប់ខ្លួន​ពីបទ​ឆបោក

មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា លោក Pavel Popov អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្លែងបន្លំទ្រង់ទ្រាយធំ ហើយកំពុងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន។

របាយការណ៍​បាន​ឲ្យដឹងថា តុលាការ​រុស្ស៊ី​បាន​បញ្ជា​ឲ្យ​បន្ដឃុំខ្លួនលោក Popov រហូត​ដល់​ថ្ងៃ​ទី២៩ ខែ​តុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថាលោក Popov និងមនុស្ស ២រូប ទៀតនៃក្រសួងការពារជាតិរុស្ស៊ី បានកេងយកថវិកាពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ។ លោក Popov ត្រូវបានគេចោទប្រកាន់ពីបទបំពានតួនាទីរបស់លោកក្នុងការបង្វែរធនធានពីឧទ្យាននេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន រួមទាំងការសាងសង់ ការជួសជុល និងគ្រឿងសង្ហារឹមនៃអចលនទ្រព្យឯកជនរបស់លោកនៅក្នុងសង្កាត់ Krasnogorsk នៃទីក្រុងមូស្គូ។

លោក Popov បានបម្រើការជាអនុរដ្ឋមន្ត្រីទទួលបន្ទុកស្ថានភាពអាសន្នពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ មុនពេលចូលបម្រើការងារនៅក្រសួងការពារជាតិក្នុងឆ្នាំ២០១៣ ជាជំនួយការរបស់រដ្ឋមន្ត្រីលោក Sergei Shoigu ។ 

លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមើលការខុសត្រូវលើការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍន៍បច្ចេកវិទ្យា ប្រព័ន្ធព័ត៌មាន និងការធ្វើតេស្តមនុស្សយន្ត។  មុខងារយោធារបស់លោកត្រូវបានបញ្ចប់ដោយក្រឹត្យប្រធានាធិបតីនៅក្នុងខែមិថុនា ឆ្នាំនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top