ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ West Bank

ប៉េកាំង៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធានាពេលថ្មីៗនេះ របស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ និងរបួសជាច្រើននាក់។

លោក Geng បានឲ្យដឹងនៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីស្ថានភាពនៅមជ្ឈិមបូព៌ា ដោយកត់សម្គាល់ថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំកាលពីថ្ងៃពុធ ដោយផ្តោតលើទីក្រុងប៉ាឡេស្ទីន រួមទាំងទីក្រុង Tulkarm ទីក្រុង Jenin និង Tubas ថា “ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំង ចំពោះរឿងនេះ” ។ 

លោកបានលើកឡើងថា នៅតំបន់ West Bank អ៊ីស្រាអែល នៅតែបន្តបំពានច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយពង្រីកការតាំងទីលំនៅ និងបង្កើនការស្វែងរក ការចាប់ខ្លួន និងការវាយឆ្មក់លើជនជាតិប៉ាឡេស្ទីន។

ដោយកត់សំគាល់ថាមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលថ្មីៗនេះបាននិយាយអំពីការអនុវត្តវិធីសាស្រ្តដូចគ្នានៅតំបន់ West Bank ដូចដែលពួកគេមាននៅក្នុងតំបន់ហ្គាហ្សា លោកបានលើកឡើងថា “យើងមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលើកឡើងបែបនេះ ដែលប្រថុយនឹងការថ្កោលទោសជាសកល” ។

លោកបានបន្ដថា ប្រទេសចិនប្រឆាំងរាល់សកម្មភាព ឬវោហាសាស្ត្រដែលអាចធ្វើអោយភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល ដោយអំពាវនាវឱ្យគ្រប់ភាគី ជាពិសេសអ៊ីស្រាអែល រក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ដើម្បីការពារស្ថានការណ៍កាន់តែតានតឹង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top