បរទេស៖ ប្រធានាធិបតីលោក Zelensky បានបណ្តេញមេបញ្ជាការកងទ័ពអាកាស Oleskchuk ភ្លាមៗបន្ទាប់ពីអ៊ុយក្រែនបានបាត់បង់យន្តហោះចម្បាំង F-16 ដំបូងរបស់ខ្លួន និងស្លាប់អ្នកបើកយន្តហោះកំពូលម្នាក់។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី៣០ ខែសីហាថា “ខ្ញុំបានសម្រេចចិត្តជំនួសមេបញ្ជាការកងទ័ពអាកាស Mykola Oleshchuk ។ ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះអាកាសយានិកយោធារបស់យើង” ។
លោក Zelensky មិនបានបញ្ជាក់ពីមូលហេតុនៃការបណ្តេញលោក Oleshchuk ចេញទេ ប៉ុន្តែបានលើកឡើងពីតម្រូវការការពារបុគ្គលិកយោធា និងតម្រូវការពង្រឹងការបញ្ជា។ ឧត្តមសេនីយ Anatoliy Kryvonozhka មេបញ្ជាការនៃបញ្ជាការកងទ័ពអាកាសកណ្តាលបានចូលកាន់តំណែងជាបណ្តោះអាសន្នជំនួសលោក Oleshchuk ។
លោក Oleshchuk ត្រូវបានបណ្តេញចេញ បន្ទាប់ពីយោធាអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែសីហាថា យន្តហោះចម្បាំង F-16 បានធ្លាក់ ខណៈពេលដែលឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ី និង UAV កាលពីបីថ្ងៃមុន។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយថា ការសម្រេចចិត្តបណ្តេញលោក Oleshchuk មិនពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ F-16 នោះទេ ប៉ុន្តែគ្រាន់តែជា “បញ្ហាប្តូរបុគ្គលិក” ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។
សូមជម្រាបថា នេះគឺជាយន្តហោះ F-16 របស់អ៊ុយក្រែនដំបូងគេដែលត្រូវបានបំផ្លាញ ចាប់តាំងពីប្រទេសនេះបានទទួលយន្តហោះចម្បាំងមួយក្រុមដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិចកាលពីដើមខែនេះ។ វរសេនីយ៍ Oleksiy Mes ដែលជាអ្នកបើកយន្តហោះចម្បាំងដ៏ល្អបំផុតម្នាក់របស់អ៊ុយក្រែន ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះចម្បាំង F-16 នេះ៕
ប្រែសម្រួលៈ ណៃ តុលា