ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ West Bank

យូអិន៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ West Bank ។

ប្រធានអង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ រួមទាំងការបើកដំណើរការរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅក្នុងខេត្ត Jenin, Tulkarm និង Tubas ពាក់ព័ន្ធនឹងការប្រើប្រាស់ការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​លោក Stephane Dujarric ។

លោក Dujarric បានលើកឡើងថា អគ្គលេខាធិការ “ថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិត រួមទាំងកុមារផងដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា លោក Guterres បានលើកឡើងថា ការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់ទាំងនេះកំពុងជំរុញឱ្យស្ថានការណ៍ផ្ទុះឡើងនៅក្នុងតំបន់ West Bank ដែលធ្វើឱ្យប៉ះពាល់ដល់អាជ្ញាធរប៉ាឡេស្ទីនបន្ថែមទៀត ហើយបានអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការទាំងនេះជាបន្ទាន់។

យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ មនុស្ស ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងអភិបាលខេត្ត Jenin, Tulkarm និង Tubas ក្នុងរយៈពេលតិចជាងពីរថ្ងៃជាមួយនឹងអ្នករងរបួសជាច្រើននាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top