ព័ត៌មានអន្តរជាតិ

លោក Putin បញ្ជាក់ថាគ្មានការព្រួយបារម្ភអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ុងហ្គោលីឡើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមានការព្រួយបារម្ភថា ប្រទេសម៉ុងហ្គោលី អាចចាប់ខ្លួនលោក តាមការចោទប្រកាន់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្នុងអំឡុងពេលនៃការធ្វើដំណើរនាពេលខាងមុខរបស់លោកនោះទេ។

លោក Putin គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលីនៅថ្ងៃចន្ទ ដើម្បីរំលឹកដល់សង្រ្គាមលោកលើកទី២ ហើយបើតាមការអំពាវនាវទាំងនោះ វានឹងអាចធ្វើឱ្យគាត់ប្រឈមនឹងការចាប់ខ្លួនតាមដីកា ឧក្រិដ្ឋកម្មសង្គ្រាម របស់ ICC ខណៈដែលរដ្ឋាភិបាលទីក្រុង Ulaanbaatar ទទួលស្គាល់យុត្តាធិការរបស់តុលាការផងដែរ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា៖យើងមានទំនាក់ទំនងដ៏ល្អជាមួយមិត្តរបស់យើងមកពីម៉ុងហ្គោលី។ លោកបានបន្ថែមថាបញ្ហាទាំងអស់ដែលទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកPutinត្រូវបាន ដោះស្រាយដាច់ដោយឡែក ដោយលោកបានបន្ថែមថាទីក្រុងមូស្គូ មិនមានអ្វីដែលត្រូវាព្រួយបារម្ភអំពីដីការបស់ ICCនោះទេ ។

គួរឲ្យដឹងដែរថាលោកប្រធានាធិបតី Putin ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីរំលឹកដល់សមរភូមិ Khalkhin Gol ឆ្នាំ១៩៣៩ នៃជ័យជំនះរបស់កងទ័ពសូវៀត – ម៉ុងហ្គោលីទៅលើកងទ័ពអធិរាជជប៉ុន បានធានាផ្នែកខាងកើតនៃសហភាពសូវៀតរហូតដល់ឆ្នាំ១៩៤៥៕

ប្រែសម្រួល៖ ស៊ុនលី

To Top