ថ្ងៃទី២៩ ខែសីហា លោក LinJian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការសម្រេចបាននូវទំនើបកម្មជាការស្វែងរករួមរបស់ប្រទេសចិននិងអាហ្វ្រិក ភាគីចិនរីករាយពួតដៃជាមួយភាគីអាហ្វ្រិក ដើម្បីរួមគ្នាឆ្ពោះទៅរកដំណើរទំនើបកម្មថ្មី និងរួមគ្នាប្រមូលផ្តុំកម្លាំងចលករកាន់តែច្រើន សម្រាប់ជំរុញទំនើបកម្មពិភពលោក និងការអភិវឌ្ឍរួមរបស់មនុស្សជាតិ។
លោក LinJian បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងរឹងមាំចំពោះអាហ្វ្រិក ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ ព្រមទាំងផ្តោតសំខាន់ទៅលើវិស័យចំនួន៣ ដែលត្រូវជំរុញការធ្វើទំនើបកម្មជាបន្ទាន់ ហើយបំផុសឱ្យមាន “គំនិតផ្តួចផ្តើមស្តីពីការគាំទ្រឧស្សាហូបនីយកម្មរបស់អាហ្វ្រិក អនុវត្ត “ផែនការស្តីពីប្រទេសចិនផ្តល់ជំនួយ ដល់ការធ្វើទំនើបកម្មកសិកម្មរបស់អាហ្វ្រិក” និង “ផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្ស” ក្រោមក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការរវាងប្រទេសចិន និងអាហ្វ្រិក ព្រមទាំងគាំទ្រការអភិវឌ្ឍ និងភាពរុងរឿងរបស់អាហ្វ្រិកតាមរយៈប្រតិបត្តិការជាក់ស្តែង។ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងអាហ្វ្រិកបានឡើងដល់ ២៨២១០០ លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តល់ឱកាសការងារលើសពី ១លាន១សែននាក់ សម្រាប់អាហ្វ្រិកក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅនេះ។
វេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤ ក្រោមប្រធានបទ “ចាប់ដៃគ្នាជំរុញទំនើបកម្ម រួមគ្នាកសាងសហគមន៍រួមវាសនាកម្រិតខ្ពស់រវាងប្រទេសចិន និងអាហ្វ្រិក” និងបើកធ្វើនៅសប្តាហ៍ក្រោយ៕