ប៉េកាំង៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានជំរុញឱ្យសហរដ្ឋអាមេរិក “ខិតខំប្រឹងប្រែងពិតប្រាកដ ដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងបន្ធូរបន្ថយវិបត្តិ” លើបញ្ហាអ៊ុយក្រែន។
លោក Geng បានឲ្យដឹងនៅឯសន្និសីទសង្ខេបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនថា “នៅលើបញ្ហាអ៊ុយក្រែន ជំនួសឱ្យវោហាសាស្ត្រដ៏ខ្លាំង សហរដ្ឋអាមេរិក គួរតែខិតខំប្រឹងប្រែងពិតប្រាកដដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងបន្ធូរបន្ថយវិបត្តិ” ។
ដោយកត់សម្គាល់ថាសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយតំណាងសហរដ្ឋអាមេរិក “គឺជាអ្វីដែលយើងបានឮជាច្រើនដងហើយពីមុនមក ដោយគ្មានអ្វីដែលថ្មីនៅក្នុងវានោះទេ” ដោយក្នុងនោះលោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីសហរដ្ឋអាមេរិក “បញ្ឈប់ល្បែងម្រាមដៃចង្អុលដ៏គួរឱ្យធុញទ្រាន់នៅក្នុងអង្គជំនុំជម្រះនេះ” ។
លោកបានលើកឡើងថា កិច្ចការបន្ទាន់បំផុតសម្រាប់សហគមន៍អន្តរជាតិនាពេលនេះ គឺការលើកកម្ពស់បទឈប់បាញ់ ដើម្បីបញ្ឈប់សង្គ្រាម និងទទួលបានសន្តិភាព ហើយ “ប្រទេសចិន បានកំពុងនិយាយចេញ ដើម្បីសន្តិភាព និងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបញ្ចប់បញ្ហាទាំងនេះ” ។
លោកបន្ដថា “ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិកមិនត្រឹមតែបានបិទភ្នែក និងត្រចៀកថ្លង់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការលើកកម្ពស់សន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែបានបន្តផ្សព្វផ្សាយការកុហកនៅក្នុងក្រុមប្រឹក្សាសន្តិសុខ និងលាបពណ៌ចិនលើបញ្ហាអ៊ុយក្រែន ដែលចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងមិនទទួលយកជាដាច់ខាត”។
ប្រេសិតរូបនេះបានសង្កត់ធ្ងន់ថា “ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់បញ្ចប់សង្គ្រាម វាគួរតែប្រឹងប្រែងរួមគ្នាជាមួយប្រទេសពាក់ព័ន្ធ រួមទាំងប្រទេសចិន ជាជាងការបង្វែរការទទួលខុសត្រូវរបស់ខ្លួន និងបង្កើតការប្រឈមមុខដាក់គ្នា” ៕
ប្រែសម្រួល ឈូក បូរ៉ា