គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីក្រិករបស់លោក George Gerapetritis បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងការកើនឡើងនៃអំពើហិង្សា និងអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។
ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីភាពធ្ងន់ធ្ងរនៃការអភិវឌ្ឍន៍ “យ៉ាងឆាប់រហ័ស” នៅក្នុងតំបន់។
លោក Abdelatty បានជូនដំណឹងដល់សមភាគីក្រិកអំពីទំនាក់ទំនង ដែលអេហ្ស៊ីបកំពុងធ្វើជាមួយប្រទេសមួយចំនួនក្នុងតំបន់ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប ដើម្បីទប់ទល់នឹងស្ថានភាពបច្ចុប្បន្ននៃភាពតានតឹង និងការកើនឡើងក្នុងតំបន់។
ចំណែកឯរដ្ឋមន្ត្រីការបរទេសក្រិកបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងអេហ្ស៊ីប និងក្រិកទាំងកម្រិតទ្វេភាគី និងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា រដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងរក្សាការពិគ្រោះយោបល់ និងការសម្របសម្រួល ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា