ប៉េកាំង៖ ការឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងទឹកដីរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ខណៈពេលដែលបង្ហាញខ្លួនឯងថា ជាជនរងគ្រោះ ហ្វីលីពីន កំពុងប្រើប្រាស់យុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះរបស់ចោរ ដែលស្រែកថា “បញ្ឈប់ចោរ!” ។
កាលពីខែមេសា ឆ្នាំនេះ ហ្វីលីពីន បានបោះយុថ្កាដោយខុសច្បាប់នូវនាវាឆ្មាំឆ្នេរសមុទ្រ MRRV-9701 នៅតំបន់ដែនទឹក Xianbin Jiao នៃកោះ Nansha Qundao របស់ប្រទេសចិន។ ចាប់តាំងពីថ្ងៃទី១៩ ខែសីហាមក កប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានឈ្លានពានម្តងហើយម្តងទៀតចូលទៅក្នុងដែនទឹកនៅជាប់គ្នានៃតំបន់ Xianbin Jiao ក្នុងការប៉ុនប៉ង ដើម្បីផ្គត់ផ្គង់សម្ភារៈឡើងវិញដល់នាវាខ្មោច MRRV-9701 ហើយបានធ្វើសកម្មភាពដោយចេតនា ដើម្បីរារាំងនាវាឆ្មាំឆ្នេរសមុទ្រចិន។
បន្ទាប់មក អាជ្ញាធរហ្វីលីពីន បានផ្តួចផ្តើមការឃោសនាបំផ្លិចបំផ្លាញ ដោយចោទប្រកាន់ប្រទេសចិនថា បានរារាំង “បេសកកម្មមនុស្សធម៌” ដើម្បីផ្គត់ផ្គង់ឡើងវិញនូវនាវា MRRV-9701 ។ តាមពិត កប៉ាល់ហ្វីលីពីនទំនើបនេះដំណើរការពេញលេញ ហើយអាចចាកចេញពីដែនទឹក Xianbin Jiao ដើម្បីផ្គត់ផ្គង់ឡើងវិញនៅពេលណាក៏បាន។
ការពិតគឺថា ហ្វីលីពីន បានរំលោភបំពានលើអធិបតេយ្យភាពរបស់ចិនម្តងហើយម្តងទៀត។ កាលពី ២៥ឆ្នាំមុន វាបានបិទដោយខុសច្បាប់នូវនាវាយោធា BRP Sierra Madre នៅ Ren’ai Jiao ដែលជាផ្នែកមួយនៃដែនកោះ Nansha Qundao របស់ប្រទេសចិន។ ចាប់តាំងពីពេលនោះមក ហ្វីលីពីន បានបង្កហេតុដាក់ចិនជាប់លាប់ដោយការបញ្ជូននាវាទៅចូលរួមក្នុងសមយុទ្ធដ៏គ្រោះថ្នាក់ប្រឆាំងនឹងការអនុវត្តច្បាប់របស់ចិន។ វាគឺជាហ្វីលីពីន មិនមែនចិននោះទេ ដែលបានបំពានដោយចេតនាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគី (DOC) នៅសមុទ្រចិនខាងត្បូង។
ក្រៅពីនេះ ហ្វីលីពីនក៏បានប៉ុនប៉ងចូលរួមជាមួយកងកម្លាំងភាគីទីបីនៅសមុទ្រចិនខាងត្បូង ដែលបង្កើនភាពតានតឹងក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សកម្មភាពដ៏អសុរោះទាំងនេះបង្ហាញយ៉ាងច្បាស់ថាហ្វីលីពីន ជាអ្នកបង្កបញ្ហាពិតប្រាកដ និងជាអ្នកបំពានច្បាប់នៅសមុទ្រចិនខាងត្បូង។ ច្បាស់ណាស់ ចេតនារបស់ទីក្រុងម៉ានីល ក្នុងការផ្គត់ផ្គង់ឡើងវិញនូវកប៉ាល់បោះយុថ្កានៅ Xianbin Jiao គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីអះអាងការគ្រប់គ្រងលើកោះថ្មប៉ប្រះទឹក នៅក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីធ្វើឡើងវិញនូវល្បិចចាស់របស់ខ្លួននៅ Ren’ai Jiao ។
សកម្មភាពរបស់ហ្វីលីពីន មិនត្រឹមតែបំពានច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ទៀតផង។ ហ្វីលីពីនគ្មានមូលដ្ឋានស្របច្បាប់ សម្រាប់បោះយុថ្កាកប៉ាល់ក្នុងទឹកដីចិននោះទេ។ ដែនទឹក Xianbin Jiao មិនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន និងតំបន់ខ្ពង់រាបទ្វីបរបស់ខ្លួននោះទេ។ អ្វីដែលហៅថាសេចក្តីសម្រេចអាជ្ញាកណ្តាលសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនផ្អែកលើការទាមទារដែនសមុទ្ររបស់ខ្លួន គឺខុសច្បាប់ ទុកជាមោឃៈ។
ហ្វីលីពីនក៏ធ្លាប់ជាអ្នកបំផ្លាញបរិស្ថានសមុទ្រដ៏ធំមួយនៅសមុទ្រចិនខាងត្បូង។ ការចុះចតដោយចេតនានៃនាវាយោធា BRP Sierra Madre នៅដែនទឹក Ren’ai Jiao បានបណ្តាលឱ្យខូចខាតយ៉ាងសំខាន់ដល់ប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹកផ្កាថ្មនៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា