ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងអះអាងថា លោក ពូទីន និងនាយកប្រតិបត្ដិ Telegram មិនដែលមានជំនួបជាមួយគ្នាម្ដងណាឡើយ

Sputnik

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងស្ថាបនិក Telegram លោក Pavel Durov មិនដែលជួបប្រជុំគ្នាម្ដងណាឡើយ។

នៅថ្ងៃទី២៤ ខែសីហា លោក Durov ដែលជាស្ថាបនិកក្រុមហ៊ុន Telegram ដើមកំណើតរុស្ស៊ី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីផ្ញើសាររបស់លោក រួមទាំងអំពើភេរវកម្ម រូបភាពអាសអាភាសលើកុមារ ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងការក្លែងបន្លំជាដើម។ 

មហាសេដ្ឋីវ័យ ៣៩ឆ្នាំរូបនេះមានសញ្ជាតិនៃប្រទេសជាច្រើនរួមទាំងប្រទេសបារាំងផងដែរ។ កាល​ពី​ថ្ងៃ​ពុធ លោក Durov ត្រូវ​បាន​ដោះ​លែង​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ប៉ុន្ដែបានហាម​មិន​ឲ្យ​លោកចាក​ចេញ​ពី​ប្រទេស​បារាំង និង​បាន​បង្គាប់​ឲ្យ​បង់ប្រាក់​ធានា​ចំនួន ៥លាន​អឺរ៉ូ (៥,៥ លាន​ដុល្លារ)។

លោក Peskov ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការឃុំខ្លួនពលរដ្ឋកូឡុំប៊ីពីរនាក់នៅក្នុងប្រទេសរុស្ស៊ីផងដែរ ដោយបង្វែរសំណួរទៅនាយកដ្ឋានពាក់ព័ន្ធ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនមានព័ត៌មានអ្វីទាំងអស់អំពីការឃុំឃាំងពលរដ្ឋកូឡុំប៊ីនោះទេ។ ខ្ញុំស្នើឱ្យអ្នកទាក់ទងសេវាកម្មពាក់ព័ន្ធ – ក្រសួងកិច្ចការផ្ទៃក្នុង ឬ FSB ។ នេះមិនមែនជាប្រធានបទសម្រាប់រដ្ឋបាលប្រធានាធិបតីនោះ” ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា ខ្លួនបានឃុំខ្លួនពលរដ្ឋកូឡុំប៊ីពីរនាក់ដែលសង្ស័យថា បានចូលរួមក្នុងប្រតិបត្តិការយោធាជាមួយភាគីអ៊ុយក្រែនក្នុងនាមជាទាហានស៊ីឈ្នួល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top