បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីយោធាលំដាប់កំពូលមកពីរដ្ឋសមាជិកណាតូ និងអ៊ុយក្រែនបានប្រមូលផ្តុំគ្នាក្នុងទីក្រុង Dresden របស់អាល្លឺម៉ង់សម្រាប់កិច្ចពិភាក្សាសម្ងាត់មួយនៅក្នុងសប្តាហ៍នេះ។
ប្រភពដដែលបានសរសេរទៀតថាប្រទេសជាម្ចាស់ផ្ទះត្រូវបានគេរាយការណ៍ ថាបានប្រើឱកាសដើម្បីបង្ហាញពីការច្នៃប្រឌិតចុងក្រោយបំផុតរបស់អ្នកផលិតអាវុធរបស់ខ្លួន។
កាលពីដើមខែនេះ ក្រុមហ៊ុនការពារជាតិឈានមុខគេរបស់អាល្លឺម៉ង់ Rheinmetall បានប្រកាសថា ខ្លួនបានបង្កើនប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនជិតទ្វេដងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។
ក្រុមហ៊ុនអាវុធយក្សនេះបាននិយាយថាជម្លោះអ៊ុយក្រែនគឺស្ថិតក្នុងចំណោមកត្តាដែល ធ្វើឱ្យដំណើរការអាជីវកម្មមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ។
នៅក្នុងអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ Bild បានរាយការណ៍ថាមេបញ្ជាការកងកម្លាំងជើងគោកនៃបណ្តាប្រទេសអឺរ៉ុបចំនួន ៣៥ ក៏ដូចជាអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំបិទទ្វារនៅទីក្រុង Dresden ដែលគេជឿថាបានដំណើរការពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍កាលពីសប្តាហ៍នេះ។
យោងតាមកាសែតល្លឺម៉ង់ Bild បានអះអាងថា ព្រឹត្ដិការណ៍នៃកិច្ចប្រជុំនេះត្រូវបានលាក់បាំងដោយសម្ងាត់ ដោយមានវិធានការសន្តិសុខកាន់តែខ្លាំងឡើងជាពិសេសចំពោះការព្រួយបារម្ភអំពីសកម្មភាពចារកម្មនានា៕
ប្រែសម្រួល៖ ស៊ុនលី