គៀវ៖ កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី បានធ្វើការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយទៀតទៅលើទឹកដីរបស់អ៊ុយក្រែនពេញមួយយប់ ដោយប្រើគ្រាប់មីស៊ីលផ្លោង Iskander-M ដោយបាញ់គ្រាប់មីស៊ីល S-300 ចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួន ៥២គ្រឿង។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មិនមានអ្នកស្លាប់ និងរបួសណាមួយត្រូវបានរាយការណ៍នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនោះទេ ហើយកងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed-131 និង Shahed-136 ចំនួន២៤គ្រឿង ។
គេឃើញមានសកម្មភាពការពារដែនអាកាសនៅក្នុងតំបន់ចំនួន៨ គឺនៅតំបន់កណ្តាល ភាគខាងត្បូង និងភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន រួមទាំងតំបន់ក្រុង គៀវ ផងដែរ ។
រដ្ឋបាលយោធាក្រុងគៀវ បានឲ្យដឹងថា ការវាយប្រហារនេះជាការវាយប្រហារលើកទី ៤ ហើយមកលើរដ្ឋធានីនៅក្នុងសប្តាហ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
