យេរ៉ូសាឡឹម៖ ប្រជាជនអ៊ីស្រាអែលរាប់សែននាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ដើម្បីធានាការវិលត្រឡប់នៃចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។
យោងតាមគេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល មនុស្សប្រហែល ៧០ម៉ឺននាក់ បានចូលរួមក្នុងបាតុកម្មនៅលើផ្លូវសំខាន់ៗ និងផ្លូវប្រសព្វទូទាំងប្រទេស ដោយមាន ៥៥ម៉ឺន នាក់បានចូលរួមការប្រមូលផ្តុំកណ្តាលនៅទីក្រុង Tel Aviv ។ ការតវ៉ាបានចាប់ផ្តើមនៅពេលព្រឹកបន្ទាប់ពី កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីការសង្គ្រោះសាកសពចំណាប់ខ្មាំង ៦នាក់ហើយបានបន្តពេញមួយយប់។
នៅទីក្រុង Tel Aviv បាតុកម្មដ៏រំជួលចិត្តមួយបានកើតឡើង នៅខាងក្រៅមូលដ្ឋានយោធា Kirya ដែលជាទីស្នាក់ការកណ្តាលរបស់ IDF ។ ក្រុមអ្នកតវ៉ាបានគ្រវីទង់ជាតិអ៊ីស្រាអែល ហើយស្រែកថា “កិច្ចព្រមព្រៀងមួយឥឡូវនេះ!” និងផ្ទាំងរូបភាពជាច្រើនដែលបង្ហាញពីចំណាប់ខ្មាំង។
គួរបញ្ជាក់ថា នៅមានចំណាប់ខ្មាំងចំនួន ១០១ នាក់នៅតំបន់ហ្គាហ្សា ដែលប្រហែលពាក់កណ្តាលត្រូវបានសន្មត់ថា បានស្លាប់ដោយសារការវាយប្រហារ របស់ពួកហាម៉ាស់ ឬការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
លោកស្រី Einav Zangauker ម្តាយរបស់ចំណាប់ខ្មាំង Matan Zangauker បាននិយាយទៅកាន់ហ្វូងមនុស្សដោយអះអាងថា មាន “សំណើកិច្ចព្រមព្រៀងមួយនៅលើតុ” ប៉ុន្តែថា លោក ណេតាន់យ៉ាហ៊ូ បដិសេធមិនទទួលយកវា ដើម្បីជៀសវាងការបាត់បង់ការគាំទ្រ ពីសម្ព័ន្ធរបស់លោកនៃមេដឹកនាំ ដែលគាំទ្រអ្នកតាំងទីលំនៅ ៕
ប្រែសម្រួល ឈូក បូរ៉ា