ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៤០,៧៣៨នាក់

Xinhua

ហ្គាហ្សាៈ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៧៣៨នាក់។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៧នាក់ និងរបួស ៩៤នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៧៣៨នាក់ និងរបួសដល់ ៩៤,១៥៤នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យផងដែរ ដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង បានចាប់ផ្តើមនៅក្នុងតំបន់កណ្តាល នៃតំបន់ហ្គាហ្សា លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងកើត បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។

លោក Lazzarini បានបន្ថែមថា “ដើម្បីឱ្យវាដំណើរការបាន ភាគីជម្លោះត្រូវតែគោរពការផ្អាកជាបណ្តោះអាសន្ន សម្រាប់ជាប្រយោជន៍ដល់កុមារ នៅទូទាំងតំបន់ បទឈប់បាញ់ដ៏យូរអង្វែងគឺពិតជាត្រូវការ”។

លោក Rik Peeperkorn ប្រធានការិយាល័យ WHO ប្រចាំតំបន់ West Bank និងហ្គាហ្សា បានឲ្យដឹងផងដែរថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រមបញ្ឈប់អរិភាពនៅក្នុង តំបន់ហ្គាហ្សាសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top