ព័ត៌មានអន្តរជាតិ

ហុងកុង៖ អ្នកដែលឱ្យចំណីសត្វព្រាប នឹងត្រូវពិន័យជាប្រាក់ ៥.០០០ដុល្លារហុងកុង

South China Morning Post

បរទេស៖ ប្រជាជនហុងកុងមួយចំនួន មិនអើពើនឹងការហាមប្រាមរបស់រដ្ឋាភិបាលលើការផ្តល់ចំណីដល់សត្វព្រាប បើទោះបីជារយៈពេលអនុគ្រោះដល់ទីបញ្ចប់នៅថ្ងៃអាទិត្យក៏ដោយ ដោយស្រុកមួយចំនួននៅតែញាំញីដោយការប្រមូលផ្តុំដ៏ធំនៃព្រាបទាំងនោះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់ពីថ្ងៃអាទិត្យតទៅ អ្នកណាម្នាក់ដែលចាប់បានថា បានឱ្យចំណីទៅសត្វព្រាប គឺនឹងត្រូវផាកពិន័យនៅនឹងកន្លែង ៥.០០០ដុល្លារហុងកុង ជាជាងការព្រមានដោយពាក្យសំដី បន្ទាប់ពីបញ្ចប់រយៈពេលអនុគ្រោះមួយខែ បន្ទាប់ពីការហាមឃាត់ត្រូវបានដាក់នៅថ្ងៃទី0១ ខែសីហា។

នៅផ្លូវ Un Chau Estate ក្នុងតំបន់ Cheung Sha Wan ដែលជា “ចំណុចខ្មៅ” មួយដែលការប្រមូលផ្តុំដ៏ធំនៃសត្វស្លាបព្រៃបានធ្វើឱ្យមានការព្រួយបារម្ភអំពីបញ្ហាអនាម័យបរិស្ថាន យ៉ាងហោចណាស់មានផ្ទាំងរូបភាពចំនួនបួន ឬសញ្ញា ព្រមានអំពីការឱ្យចំណីសត្វព្រាប។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលរារាំងហាក់មានកម្រិត ដោយសារស្ត្រីចំណាស់ម្នាក់ត្រូវបានគេឃើញលួចទម្លាក់ចំណីលើដី ពេលគាត់រុញរទេះដើរកាត់ទីនោះ។ ទាក់ទាញដោយចំណី, សត្វបក្សីយ៉ាងតិចបីបួនដប់បានប្រមូលផ្តុំគ្នាភ្លាមៗ ហើយនៅទីនោះប្រហែល ១០នាទី។

ស្ត្រីនោះបានបដិសេធថា ខ្លួនមិនបានចិញ្ចឹមសត្វព្រាបទេ ហើយបានភៀសខ្លួនចេញពីកន្លែងកើតហេតុ នៅពេលដែលអ្នកយកព័ត៌មាន South China Morning Post មករកគាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top