ព័ត៌មានអន្តរជាតិ

យោធាចិន សារភាពថា ការទប់ទល់នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវ អាចនឹងលំបាក

Handout

បរទេស៖ យោធាចិន ដែលបាននិងកំពុងសាកល្បងសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវ បានសារភាពថា ការវាយលុកគោលដៅតូចៗឲ្យបានត្រឹមត្រូវ អាចនឹងលំបាក។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV របស់ចិន បានរាយការណ៍កាលពីសប្តាហ៍មុនថា ការបាញ់កាំភ្លើងធំប្រឆាំងយន្តហោះជុំទី ១ ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក អំឡុងពេលសមយុទ្ធហ្វឹកហ្វឺនកងទ័ពរំដោះប្រជាជន (PLA) ថ្មីៗនេះ ទទួលបានការខូចខាតត្រឹមតែ ៤០ ភាគរយប៉ុណ្ណោះ។

លោក Duan Xiaolong មកពីកងវរសេនាធំដែលមិនបញ្ចេញឈ្មោះជាមួយកងកម្លាំងជើងគោក PLA បាននិយាយថា “ការបាញ់ប្រហារលើហ្វូងយន្តហោះគ្មានមនុស្សបើកនៅតែជាបញ្ហាប្រឈមនៅឡើយ ដោយសារតែល្បឿន និងទំហំតូចរបស់យន្តហោះទាំងនោះ ក៏ដូចជាសមត្ថភាពរបស់យន្តហោះគ្មានមនុស្សបើកក្នុងការផ្លាស់ប្តូរគន្លងហោះហើរ ដែលធ្វើឱ្យវាងាយស្រួលដែលខ្មាន់កាំភ្លើងក្នុងការបាត់បង់គោលដៅ” ។

ចិនស្ថិតក្នុងចំណោមប្រទេសផលិតដ្រូនស៊ីវិល និងឧបករណ៍យោធាកំពូលរបស់ពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការវិនិយោគក្នុងការអភិវឌ្ឍន៍យានជំនិះគ្មានមនុស្សបើក (UAVs) ដ៏ឆ្លាតវៃ និងលឿនជាងមុន និងទម្រង់ផ្សេងទៀតនៃបច្ចេកវិទ្យាដ្រូន ដោយសារយន្តហោះបែបនេះដើរតួនាទីកាន់តែរីកចម្រើននៅក្នុងការប្រយុទ្ធទំនើប។

សហរដ្ឋអាមេរិក ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ចិន ក៏បានពន្លឿនការបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់យោធារបស់ខ្លួន និងកំពុងធ្វើការលើយុទ្ធសាស្ត្រយន្តហោះគ្មានមនុស្សបើក ដើម្បីប្រឆាំងនឹងការកើនឡើងនៃសមត្ថភាពការពារជាតិរបស់ចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top