ព័ត៌មានអន្តរជាតិ

រុស្សីនិងអ៊ីរ៉ង់ ជិតនឹងបញ្ចប់សេចក្តីព្រាង ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាយុទ្ធសាស្ត្រដៃគូរវាងគ្នា

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergey Lavrov បាននិយាយ កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ និងទីក្រុងតេហរ៉ង់ នឹងបញ្ចប់ការងារ លើកិច្ចព្រមព្រៀង អន្តររដ្ឋដ៏ទូលំទូលាយមួយនា ពេលអនាគតដ៏ខ្លីខាងមុខនេះ ។

យោងតាមអ្នកការទូត ទំនាក់ទំនង រវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយគម្រោងទ្វេភាគីជាច្រើន កំពុងដំណើរការផងដែរក្នុង ពេលដំណាលគ្នានេះ។

គួរឲ្យដឹងដែរថាប្រធានាធិបតីទី៩ របស់សាធារណរដ្ឋអ៊ីស្លាម លោក Masoud Pezeshkian បានស្បថកាលពីខែមុន បន្ទាប់ពីបានឈ្នះការបោះឆ្នោត ប្រធានាធិបតីខែកក្កដា ជាមួយនឹងសំឡេង៥៣,៦ភាគរយនៅក្នុងការបោះឆ្នោតជុំទីពីរ។

ក្រៅពីនេះរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងតេហរ៉ង់ បាននិងកំពុងបង្កើតទំនាក់ទំនងថាមពល និងពាណិជ្ជកម្មកាន់តែជិតស្និទ្ធ ក្នុងអំឡុងពេលដែលប្រទេស ទាំងពីរស្ថិតនៅក្រោមការ ដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

កាលពីខែមិថុនា ក្រុមហ៊ុន ថាមពលយក្សរុស្ស៊ី Gazprom បានចុះហត្ថលេខាលើ អនុស្សរណៈយុទ្ធសាស្ត្រ ជាមួយប្រទេសអ៊ីរ៉ង់ សម្រាប់ការផ្គត់ផ្គង់ ឧស្ម័នតាមបំពង់ ទៅកាន់សាធារណរដ្ឋអ៊ីស្លាម។

នៅឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី រុស្ស៊ីលោក Aleksandr Novak បានប្រកាសកិច្ចព្រមព្រៀង ថាមពលដ៏ធំ ជាមួយអ៊ីរ៉ង់ ដែលមានតម្លៃ៤០ពាន់លានដុល្លារ ក៏ដូចជាកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top