ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញាសងសឹកក្រុមហាម៉ាស់ បន្ទាប់ពីរកឃើញសាកសព ចំណាប់ខ្មាំង នៅក្នុងផ្លូវរូងក្រោមដី នៅតំបន់ហ្គាហ្សា

AFP

យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា ក្រុមហាម៉ាស់ នឹង បង់ថ្លៃខ្ពស់ សម្រាប់ការចោទប្រកាន់ថា បានសម្លាប់ចំណាប់ខ្មាំង ៦នាក់ នៅក្នុងផ្លូវរូងក្រោមដី នៅតំបន់ហ្គាហ្សា នៅចុងសប្តាហ៍នេះ ។

លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “អ៊ីស្រាអែល នឹងមិនព្រងើយកន្តើយ ចំពោះការសម្លាប់រង្គាលនេះទេ។ ក្រុមហាម៉ាស់ នឹងបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ សម្រាប់រឿងនេះ” ដោយបន្ថែមថា តម្លៃនឹងត្រូវបានកំណត់ “ក្នុងរយៈពេលខ្លីខាងមុខ” ។

កាលពីថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា សាកសពចំនួន ៦នាក់ រួមទាំងស្ត្រី ២នាក់ និងបុរស ៤នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍ នៅក្នុងផ្លូវរូងក្រោមដីមួយ ក្នុងតំបន់រ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។

យោងតាមការវាយតម្លៃដំបូងដោយ IDF ចំណាប់ខ្មាំងត្រូវបានគេប៉ាន់ស្មានថា ត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយភេរវករហាម៉ាស់អំឡុងពេល ៤៨-៧២ម៉ោងមុនពេល ដែលទាហានអ៊ីស្រាអែល ទៅដល់ពួកគេ។

អ្នកទាំងប្រាំមួយនាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងអំឡុងពេលការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើល របស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងប្រហែល ២៥០ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពត្រូវបានរកឃើញ ដោយកងទ័ពអ៊ីស្រាអែល នៅក្នុងផ្លូវរូងក្រោមដីក្នុងទីក្រុងរ៉ាហ្វា ប៉ុន្តែបានកត់សម្គាល់ថា ពួកគេ “ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top