ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចោទម៉ុងហ្គោលីថា បានអនុញ្ញាត ឱ្យឧក្រិដ្ឋជាជនជាប់ចោទ គេចពីយុត្តិធម៌ បន្ទាប់ពីមិនចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ី

Xinhua

បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ការខកខានរបស់ប្រទេស ម៉ុងហ្គោលី ក្នុងការចាប់ខ្លួនមេដឹកនាំវិមាន ក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន តាមដីការចាប់ខ្លួនអន្តរជាតិ គឺបានធ្វើឱ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ ព្រហ្មទណ្ឌអន្តរជាតិ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ពូទីន បានធ្វើដំណើរទៅដល់ប្រទេស ម៉ុងហ្គោលី កាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាដែលទំនង ជាផ្តោតលើបំពង់បង្ហូរឧស្ម័នថ្មីដែលតភ្ជាប់រុស្ស៊ី និងចិន។

ដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលបានចេញកាលពីឆ្នាំមុនប្រឆាំងនឹងលោក ពូទីន គឺតម្រូវឱ្យប្រទេសសមាជិកទាំង ១២៤ របស់តុលាការ រួមទាំងម៉ុងហ្គោលីផងដែរ ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ហើយបញ្ជូនគាត់ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើគាត់ដើរលើទឹកដីរបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេស អ៊ុយក្រែន លោក Heorhiy Tykhyi បាននិយាយថា ការបរាជ័យរបស់ម៉ុងហ្គោលីក្នុងការឃុំខ្លួនលោកពូទីន គឺជា “ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ” ។

លោកបានសរសេរ នៅលើកម្មវិធីផ្ញើសារ Telegram ថា “ម៉ុងហ្គោលីបានអនុញ្ញាតឱ្យឧក្រិដ្ឋជនជាប់ចោទគេចពីយុត្តិធម៌ ដោយហេតុនេះការ ចែករំលែក ការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម” ។ លោកបាននិយាយថា អ៊ុយក្រែននឹងធ្វើការជាមួយ សម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីធានាថា ម៉ុងហ្គោលីមានអារម្មណ៍ថា មានផលវិបាក ។

សូមជម្រាបថា កាល​ពី​សប្តាហ៍​មុន​អ៊ុយក្រែន​បាន​ជំរុញ​ម៉ុងហ្គោលី​ឲ្យ​ចាប់​ខ្លួន​លោក ពូទីន ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោកពូទីន នៅក្នុងប្រទេសនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top