ព័ត៌មានអន្តរជាតិ

ឱនភាពពាណិជ្ជកម្ម បង់ក្លាដែស ធ្លាក់ចុះដល់ ២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣-២០២៤

Xinhua

ដាកា៖ ឱនភាពពាណិជ្ជកម្ម របស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ បានធ្លាក់ចុះជាង ១៨ភាគរយដល់ ២២,៤៣ពាន់លានដុល្លារអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យចុងក្រោយពីធនាគារបង់ក្លាដែស។ 

ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញថា ការទូទាត់ការនាំចូលរបស់ប្រទេសមានចំនួន ៦៣,២៤ពាន់លានដុល្លារ ធ្លាក់ចុះ ១០,៦ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ខណៈដែលប្រាក់ចំណូល ពីការនាំចេញមានចំនួន ៤០,៨១ពាន់លានដុល្លារ ធ្លាក់ចុះ ៥,៩ភាគរយ ក្នុងអំឡុងពេលដូចគ្នានេះ។

ទន្ទឹមនឹងនេះ កំណើននៃការផ្ទេរប្រាក់ បានជួយបង់ក្លាដែស ទប់ទល់នឹងផលប៉ះពាល់នៃឱនភាពពាណិជ្ជកម្ម។  ការផ្ញើប្រាក់ទៅផ្ទះ​ ដោយពលករចំណាកស្រុក របស់ប្រទេស បង់ក្លាដែស បានឈានដល់ជិត ២៤ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ដោយផ្តល់កន្លែងដកដង្ហើមខ្លះចំពេលមានវិបត្តិ Forex ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top