យេរ៉ូសាឡឹម៖ ក្រសួងការបរទេសអ៊ីស្រាអែល បានថ្កោលទោសការសម្រេច ចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្អាកអាជ្ញាប័ណ្ណ នាំចេញអាវុធមួយចំនួន ទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានហៅចំណាត់ការនេះថា “ជាជំហានដែលផ្ញើសារ ដែលមានបញ្ហាយ៉ាងខ្លាំង” ទៅកាន់ក្រុមហាម៉ាស់ និងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Katz បានបង្ហាញពីការខកចិត្តរបស់អ៊ីស្រាអែល ជាមួយនឹងការព្យួរចុងក្រោយបំផុតដោយរដ្ឋាភិបាលការងារថ្មីរបស់ចក្រភពអង់គ្លេស ក៏ដូចជាការសម្រេចចិត្តពីមុន ដែលចក្រភពអង់គ្លេស បានធ្វើទាក់ទងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។
លោក Katz បានលើកឡើងថា “អ៊ីស្រាអែល គឺជាប្រទេសដែលគោរពច្បាប់” ដោយបន្ថែមថាលោករំពឹងថា “ប្រទេសជាមិត្តដូចជាចក្រភពអង់គ្លេសនឹងទទួលស្គាល់រឿងនេះ” ។
លោកបានសម្តែងក្តីសង្ឃឹមថា “មិត្តភាពដ៏ជ្រាលជ្រៅរវាងចក្រភពអង់គ្លេស និងអ៊ីស្រាអែល ដែលបានស៊ូទ្រាំចាប់តាំងពីការបង្កើតរបស់អ៊ីស្រាអែល នឹងបន្តទៅអនាគត”។
គួរបញ្ចាក់ថា កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បានជូនដំណឹងដល់សមាជិកសភាក្នុងសភាថា អាជ្ញាប័ណ្ណប្រហែល ៣០ ក្នុងចំណោមចំនួនសរុបប្រហែល ៣៥០ ត្រូវបានព្យួរ៕
ប្រែសម្រួល ឈូក បូរ៉ា