ហ្គាហ្សា៖ ការណែនាំថ្មីត្រូវបានចេញ ដល់ក្រុមយុទ្ធជន ដែលត្រូវបានចោទប្រកាន់ពីបទយាមអ្នកទោស ទាក់ទងនឹងរបៀបដោះស្រាយជាមួយពួកគេ ប្រសិនបើកងទ័ពអ៊ីស្រាអែល ចូលទៅជិតកន្លែងឃុំឃាំង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងកងទ័ពអ៊ីស្រាអែល “ទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់អ្នកទោស បន្ទាប់ពីពួកគេបានរារាំងកិច្ចព្រមព្រៀងដោះដូរអ្នកទោសដោយចេតនា បន្ថែមពីលើការសម្លាប់មនុស្សរាប់សិបនាក់ដោយចេតនារបស់ពួកគេ តាមរយៈការទម្លាក់គ្រាប់បែកដោយផ្ទាល់”។
លោក Abu Obeida អ្នកនាំពាក្យក្រុមហាម៉ាស់បានបន្ថែមថា “ការទទូចរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការដោះលែងអ្នកទោសក្រោមសម្ពាធយោធា ជំនួសឱ្យការបិទកិច្ចព្រមព្រៀងមួយ នឹងនាំឱ្យពួកគេ ត្រឡប់ទៅគ្រួសាររបស់ពួកគេវិញនៅក្នុងមឈូស ហើយគ្រួសាររបស់ពួកគេត្រូវជ្រើសរើសថា តើពួកគេត្រូវស្លាប់ ឬនៅរស់” ។
ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីការស្រង់សាកសពស្ត្រី២នាក់និងបុរស ៤នាក់មកពីតំបន់ហ្គាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ពួកគេត្រូវបានសម្លាប់នៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ ភ្លាមៗមុនពេលទាហានមកដល់។
ប្រជាជនអ៊ីស្រាអែលរាប់សែននាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យដោយទាមទារឱ្យលោក ណេតាន់យ៉ាហ៊ូ ចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ដើម្បីទទួលបានការវិលត្រឡប់នៃចំណាប់ខ្មាំង ដែលកាន់កាប់នៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា